ការសិក្សាៈ​ទំហំ​ទុនវិនិយោគ​លើ​អចលនទ្រព្យ​នៅ​អាស៊ី-ប៉ាស៊ីហ្វិក​ម​សម្រេចបាន​ទឹកប្រាក់៣៤ពាន់​លាន​ដុល្លារ

0

ដោយៈ ឧ​ត្ត​ម

អាស៊ីៈ ក្រុមហ៊ុន​អចលនទ្រព្យ​ Jones Lang LaSalle Incorporated (JLL) និយាយថា ទំហំ​ទុនវិនិយោគ​ផ្ទាល់​ក្នុង​វិស័យ​អចលនទ្រព្យ ប្រភេទ​ពាណិជ្ជកម្ម​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក សម្រេចបាន​ទឹកប្រាក់៣៤ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ត្រីមាស​ទី១ ដើមឆ្នាំ២០២១នេះ។ នេះ​បើ​យោងតាម​សារព័ត៌មាន Retalk Asia ចុះផ្សាយ​កាលពី​ថ្ងៃទី២៣ មេសា។

យោងតាម “របាយការណ៍​តាមដាន​រំហូរ​មូលធន” (Capital Tracker Report) របស់​ក្រុមហ៊ុន​អចលនទ្រព្យ​អង់គ្លេស ដែលមាន​ការិយាល័យ​នៅ៨០ប្រទេស​ខាងលើនេះ​បង្ហាញថា ទំហំ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ បាន​ធ្លាក់ចុះ​រហូតដល់​ទៅ២៣% បើ​ប្រៀបធៀប​ទៅនឹង​ត្រីមាស​ទី៤ ចុងឆ្នាំ២០២០ ។

ទោះជា​យ៉ាងណា តួលេខ​នេះ​គឺ​នៅតែ​ប្រសើរ​ជាង​ឆ្ងាយ បើ​ធៀប​ទៅនឹង​ទ្វីបអាមេរិក​ខាងជើង (North America) អឺរ៉ុប តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក។

ការវិភាគ​របស់​ក្រុមហ៊ុន JLL បាន​បង្ហាញថា ប្រតិបត្តិ​ការជួញដូរ​អចលនទ្រព្យ​នៅ​ប្រទេស​ជប៉ុន (១១.៥ពាន់​លាន​ដុល្លារ) មហា​យក្ស​ចិន (៨,៣ពាន់​លាន​ដុល្លារ) និង​កូរ៉េខាងត្បូង (៤,៣ពាន់​លាន​ដុល្លារ) មាន​ជាង៧០% នៃ​ទំហំ​វិនិយោគ​សរុប​ក្នុង​ត្រីមាស​ទី១ ដើមឆ្នាំ២០២១ ហើយ​នេះ​ជា​សញ្ញា​វិជ្ជមាន ដែល​បង្ហាញ​ពី​ការកើនឡើង​ស្ថិរភាព។

ទន្ទឹមនេះ ទំហំ​វិនិយោគ​នៅក្នុង​ប្រទេស​អូស្ត្រាលី បាន​កើនឡើង​រហូតដល់​ទៅ៦៨% (៣,២ពាន់​លាន​ដុល្លារ) ដោយសារតែ​ប្រតិបត្តិ​ការជួញដូរ រាប់បញ្ចូល​ទាំង​ការ​ទិញយក​ក្រុមហ៊ុន Martin Metro Place South Tower ពី​សំណាក់​ក្រុមហ៊ុន Investa និង​ក្រុមហ៊ុន Manulife ផងដែរ។

ងាក​មក​ប្រទេស​សិង្ហ​បុរី ឯណេះ​វិញ ទំហំ​វិនិយោគ​បាន​កើនឡើង​រហូតដល់​ទៅ​ប្រមាណ២៨០% (២,៥ពាន់​លាន​ដុល្លារ) ដោយសារ​ការវិនិយោគធំៗ ពី​បណ្ដា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ពិភពលោក រួមមាន ទាំង​ការវិនិយោគ​ជា​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន Allianz Real Estate លើ​អគារ​ពាណិជ្ជកម្ម OUE Bayfront ផងដែរ ហើយ​នេះ​បង្ហាញ​ពី​ការ​ងើបឡើង​រយៈពេល​វែង នៃ​រំហូរ​មូលធន​ពិភពលោក ចូលមកក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក។

ជាការ​កត់សម្គាល់ ទីផ្សារ​ការិយាល័យ នៅតែ​ជា​វិស័យ​អចលនទ្រព្យ​ប្រភេទ​ពាណិជ្ជកម្ម​ធំ​បំផុត​នៅក្នុង​តំបន់ ទាក់ទាញ​បាន​ចំណែក​ទីផ្សារ​រហូត ដល់​ទៅ៤៧%នៃ​ការវិនិយោគ​សរុប​ក្នុង​ត្រីមាស​ទី១ ។ សកម្មភាព​លក់រាយ និង​សណ្ឋាគារ មាន​ទំហំ​រហូតដល់២២% នៃ​សកម្មភាព​ប្រតិបត្តិ​ការជួញដូរ​ទាំង​អស់​ក្នុង​ត្រីមាស​ទី១ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here