ដោយៈ ឧត្តម
អាស៊ីៈ ក្រុមហ៊ុនអចលនទ្រព្យ Jones Lang LaSalle Incorporated (JLL) និយាយថា ទំហំទុនវិនិយោគផ្ទាល់ក្នុងវិស័យអចលនទ្រព្យ ប្រភេទពាណិជ្ជកម្មនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្រេចបានទឹកប្រាក់៣៤ពាន់លានដុល្លារអាមេរិក នៅត្រីមាសទី១ ដើមឆ្នាំ២០២១នេះ។ នេះបើយោងតាមសារព័ត៌មាន Retalk Asia ចុះផ្សាយកាលពីថ្ងៃទី២៣ មេសា។
យោងតាម “របាយការណ៍តាមដានរំហូរមូលធន” (Capital Tracker Report) របស់ក្រុមហ៊ុនអចលនទ្រព្យអង់គ្លេស ដែលមានការិយាល័យនៅ៨០ប្រទេសខាងលើនេះបង្ហាញថា ទំហំវិនិយោគក្នុងវិស័យអចលនទ្រព្យ បានធ្លាក់ចុះរហូតដល់ទៅ២៣% បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ចុងឆ្នាំ២០២០ ។
ទោះជាយ៉ាងណា តួលេខនេះគឺនៅតែប្រសើរជាងឆ្ងាយ បើធៀបទៅនឹងទ្វីបអាមេរិកខាងជើង (North America) អឺរ៉ុប តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក។
ការវិភាគរបស់ក្រុមហ៊ុន JLL បានបង្ហាញថា ប្រតិបត្តិការជួញដូរអចលនទ្រព្យនៅប្រទេសជប៉ុន (១១.៥ពាន់លានដុល្លារ) មហាយក្សចិន (៨,៣ពាន់លានដុល្លារ) និងកូរ៉េខាងត្បូង (៤,៣ពាន់លានដុល្លារ) មានជាង៧០% នៃទំហំវិនិយោគសរុបក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១ ហើយនេះជាសញ្ញាវិជ្ជមាន ដែលបង្ហាញពីការកើនឡើងស្ថិរភាព។
ទន្ទឹមនេះ ទំហំវិនិយោគនៅក្នុងប្រទេសអូស្ត្រាលី បានកើនឡើងរហូតដល់ទៅ៦៨% (៣,២ពាន់លានដុល្លារ) ដោយសារតែប្រតិបត្តិការជួញដូរ រាប់បញ្ចូលទាំងការទិញយកក្រុមហ៊ុន Martin Metro Place South Tower ពីសំណាក់ក្រុមហ៊ុន Investa និងក្រុមហ៊ុន Manulife ផងដែរ។
ងាកមកប្រទេសសិង្ហបុរី ឯណេះវិញ ទំហំវិនិយោគបានកើនឡើងរហូតដល់ទៅប្រមាណ២៨០% (២,៥ពាន់លានដុល្លារ) ដោយសារការវិនិយោគធំៗ ពីបណ្ដាក្រុមហ៊ុនឈានមុខគេក្នុងពិភពលោក រួមមាន ទាំងការវិនិយោគជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Allianz Real Estate លើអគារពាណិជ្ជកម្ម OUE Bayfront ផងដែរ ហើយនេះបង្ហាញពីការងើបឡើងរយៈពេលវែង នៃរំហូរមូលធនពិភពលោក ចូលមកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ជាការកត់សម្គាល់ ទីផ្សារការិយាល័យ នៅតែជាវិស័យអចលនទ្រព្យប្រភេទពាណិជ្ជកម្មធំបំផុតនៅក្នុងតំបន់ ទាក់ទាញបានចំណែកទីផ្សាររហូត ដល់ទៅ៤៧%នៃការវិនិយោគសរុបក្នុងត្រីមាសទី១ ។ សកម្មភាពលក់រាយ និងសណ្ឋាគារ មានទំហំរហូតដល់២២% នៃសកម្មភាពប្រតិបត្តិការជួញដូរទាំងអស់ក្នុងត្រីមាសទី១ ៕