ក្រុមហ៊ុន​ដ៏​ធំ​មួយ​គ្រោង​បង្កើត​ទីក្រុង​អេកូ​កសិកម្ម​លើ​ផ្ទៃដី១០ម៉ឺន​ហិកតា នៅ​ស្រុក​ឳ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ

0

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន HLH Agriculture (Cambodia) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Hong Lai Huat បានទទួល​ការអនុម័ត​ជាគោលការណ៍ ពី​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​អភិវឌ្ឍ​ទីក្រុង​អេកូ​កសិកម្ម។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន The Edge Singapore កាលពីថ្មីៗនេះ។

ទីក្រុង ដែល​នឹងត្រូវ​អភិវឌ្ឍ​លើដី​របស់​ក្រុមហ៊ុន HLH Agriculture នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​នេះ នឹង​រួមបញ្ចូល​ទាំង​ការអភិវឌ្ឍ​ចម្រុះ ឃ្លាំងទំនិញ និង​មជ្ឈមណ្ឌល​ដឹកជញ្ជូន ក៏ដូចជា​ឧស្សាហកម្ម​កសិកម្ម និង​ការរស់នៅ​បែប​សហគមន៍​ជាដើម។

យោងតាម​ក្រុមហ៊ុន​បានឱ្យដឹងថា គម្រោង​នេះ​ត្រូវបាន​រំពឹងថា នឹង​ទាក់ទាញ​តម្លៃ​វិនិយោគ​ប្រមាណ១០ពាន់​លាន​ដុល្លារ​អាមេរិក (១៣,៥ពាន់​លាន​ដុល្លារ​សិង្ហ​បុរី) ហើយនឹង​ទាក់ទាញ​អ្នកវិនិយោគ​ក្នុងស្រុក សិង្ហ​បុរី និង​វិនិយោគិន​អន្តរជាតិ។

ទីតាំង​គម្រោង​នេះ ស្ថិតនៅ​ចម្ងាយ​ប្រមាណ១០០គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ និង​នៅ​ចន្លោះ​ទីក្រុង និង​ខេត្ត​ព្រះសីហនុ ដែលជា​កន្លែង​ដែលមាន​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ។

គម្រោង​នេះ នឹង​អភិវឌ្ឍន៍​លើ​ផ្ទៃដី​ប្រមាណ១០០.០០០ហិកតា ហើយនឹង​ត្រូវបាន​អភិវឌ្ឍ​ជា​ដំណាក់កាល ស្របតាម​ផែនការ ដែល​បានអនុម័ត និង​ការពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។

គម្រោង​នេះ​រំពឹងថា នឹង​បង្កើត​ឱកាស​ការងារ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ជាង៥០០.០០០នៅក្នុង​ប្រទេស​កម្ពុជា។

លោក Ong Jia Jing អគ្គនាយក​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Hong Lai Huat បានឱ្យដឹងថា “នៅក្នុង​ពិភពលោក ដែល​រង​ឥទ្ធិពល​យ៉ាងខ្លាំង​ដោយ​ជំងឺ​កូ​វីដ១៩ អស់​រយៈពេល​ជាង​មួយឆ្នាំ​ហើយ សន្តិសុខ​ស្បៀង​គឺជា​បញ្ហាសំខាន់​មួយ ដែល​ប្រទេស​ទាំងអស់​កំពុង​ស្វែងរក​ដំណោះស្រាយ” ។

លោក​បាន​បន្តថា “យើង​ជឿជាក់ថា​គម្រោង​នេះ នឹង​អនុញ្ញាតឱ្យ​យើង​ចូលរួម​វិភាគទាន​ដល់​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​សិង្ហ​បុរី​ផងដែរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here