ដោយៈគង់ សូរិយា
ភ្នំពេញៈ ព្រលានយន្តហោះថ្មីអន្តរជាតិភ្នំពេញថ្មី តម្លៃ១៥០០លានដុល្លារអាមេរិកបានចាប់ផ្តើមបង្ហាញរូបរាងបណ្តើរៗហើយ ខណៈក្រុមការងារវិស្វករ និងកម្មករកំពុងមមាញឹក ដើម្បីឲ្យព្រលាននេះសាងសង់ចប់តាមកាលវិភាគគ្រោងទុក។
ព្រលានយន្តហោះនេះ ស្ថិតនៅស្រុកកណ្តាលស្ទឹង និងស្រុកបាទីខេត្តតាកែវ ចាប់ផ្តើមដំណើរការសាងសង់ជាងមួយឆ្នាំ ពេលនេះគ្រោងអគារធំបានផុសត្រដែត លើផ្ទៃដី២៦០០ហិកតា ខណៈក្រុមវិស្វករនៅតែបន្តពន្លឿនការងារឲ្យចប់ទាន់ផែនការ។
ព្រលានយន្តហោះភ្នំពេញថ្មី ដែលស្ថិតនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រពីកន្ទុយមហាវិថីសម្តេចតេជោហ៊ុន សែន។ ព្រលានយន្តហោះកម្រិត 4F ការសាងសង់មាន៣ដំណាក់កាល ខណៈដំណាក់កាលទី១ នឹងបញ្ចប់នៅឆ្នាំ២០២៣ ដែលចំណាយថវិកាប្រហែល ១៥០០លានដុល្លារអាមេរិក។
ដំណាក់កាលទី១ ដែលនឹងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២៣ អាចទទួលអ្នកដំណើរបានរហូតដល់១៣លាននាក់ ខណៈដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលអ្នកដំណើរបាន៣០លាននាក់ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលអ្នកដំណើរបាន៥០លាននាក់ក្នុង១ឆ្នាំ។
ក្រុមហ៊ុន OCAC ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន OCIC ជាអ្នកវិនិយោគគំរោងនេះ ដែលមានអ្នកឧកញ៉ាពុង ឃាវសែ ជាប្រធាន៕