ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ការវិនិយោគលើវិស័យដីធ្លី បើចង់ឱ្យចំណេញឆាប់និងចំណេញច្រើន អ្នកវិនិយោគ ត្រូវដឹងពីចំណុចគោលៗមួយចំនួន មុននឹងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគដើម្បីកុំឱ្យខាតពេលខាតវេលា និងថវិកា។
ព្រោះបើសិនជាការវិនិយោគលើវិស័យមួយនេះ ដោយគ្មានចំណេះដឹងមូលដ្ឋាន ខ្លះៗនោះទេ ទោះបីមានទុនច្រើនយ៉ាងណា ក៏ពិបាកក្នុងការទទួលបានផលចេញក្នុងរយៈពេលខ្លីនោះដែរ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញថា ការវិនិយោគដីធ្លីបើសិនជាអ្នកវិនិយោគមានមូលដ្ឋានគ្រឹះមួយចំនួន នឹងអាចទទួលបានផលចំណេញមកវិញបានលឿន និងប្រើ រយៈពេលខ្លី ។
លោកនិយាយថា “អ្នកខ្លះហ៊ានសម្រេចទិញដីធ្លី នៅតំបន់ដែលឆ្ងាយ អត់ប្រព័ន្ធទឹក ភ្លើង និងផ្លូវទៅដល់ទេ តែគេបានដឹងរួចទៅហើយ ពីគម្រោងអ្វីមួយនៅតំបន់នោះ ថានឹងមានការអភិវឌ្ឍឱ្យទៅជាអ្វីមួយ។ ដូច្នេះអ្នកដែលឆ្លាតគេ នឹងទិញដីនោះទុកសម្រាប់យកចំណេញនៅពេលដែលគម្រោងចាប់ផ្ដើមអនុវត្តន%” ។
លោកបន្តថា មុននឹងសម្រេចចិត្តវិនិយោគលើដីធ្លី នៅតំបន់ណាមួយនោះ គឹត្រូវសិក្សា និងស៊ើបមើលពីគម្រោងប្លង់មេរបស់រដ្ឋបាលរាជធានី ខេត្ត រឺផែនការអភិវឌ្ឈន៍របស់រដ្ឋាភិបាលទាំងមូល ហើយបណ្ដាក់ទុននៅតំបន់នោះ នឹងមិនខុសនោះទេ ។សម្រាប់ព័ត៌មាននេះ គេអាចនឹងពិបាកក្នុងការស្វែងរកប្រភព តែគេអាចព្យាយាមរក ហើយបើសិនជារកបាន នោះវានឹងធ្វើឱ្យគេអាចទទួលបានឱកាសក្នុងការវិនិយោគមុន ។
លោកសុខនីមបានបញ្ជាក់ថា “ដីធ្លីនៅក្នុងប្រទេសកម្ពុជា នឹងឡើងថ្លៃជាបន្តបន្ទាប់ គ្រាន់តែតំបន់ខ្លះឡើងមុន តំបន់ខ្លះឡើងតាមក្រោយ ព្រោះថារដ្ឋាភិបាលច្បាស់ជាមានគម្រោងប្លង់មេរួចរាល់ហើយ តែត្រូវធ្វើទៅតាមម្ដងមួយជំហាន” ។
លោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យខ្មែររៀលអ៊ីស្ទេត មានប្រសាសន៍ឲ្យដឹងផងដែរថា តាមពិតការអភិវឌ្ឍដីធ្លី និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា បើធៀបនឹងប្រទេសរីកចម្រើនក្នុងតំបន់ យើងដើរក្រោយគេច្រើន ប្រទេសខ្លះគេដើរមុនកម្ពុជា១០ឆ្នាំ ខ្លះ២០ឆ្នាំ និងខ្លះទៀតដើរមុនកម្ពុជា រហូតដល់៣០ឆ្នាំក៏មាន ដូច្នេះអ្វីដែលគេមាននៅពេលនេះ កម្ពុជាយើងនឹងមានដូចគេនៅរយៈពេល១០ ឬ២០ឆ្នាំខាងមុខទៀត ។
លោកបន្តថា “ការសម្រេចទិញដីធ្លីទុកវាមិនខុសនោះទេ ព្រោះយើងដឹងហើយថាមនុស្សកើតរាល់ថ្ងៃតែដីមិនកើតនោះទេ ដូច្នេះតម្លៃដីនឹងឡើងជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ” ៕