ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ការវិនិយោគដីធ្លីនៅក្នុងប្រទេសកម្ពុជា ត្រូវបានក្រុមអ្នកជំនាញបានបញ្ចេញយោបល់ស្រដៀងៗគ្នាថា នៅតែមានឱកាសទទួលបានប្រាក់ចំនេញខ្ពស់ ទាំងនៅពេលបច្ចុប្បន្នន និងនៅពេលអនាគតខាងមុខ ប៉ុន្តែការវិនិយោគដីធ្លីដែលចង់ចំនេញខ្ពស់គឺនៅតំបន់ដែលមានឆ្ងាយពីទីក្រុង និងនៅក្បែរគម្រោងវិនិយោគរបស់រដ្ឋាភិបាល និងគម្រោងវិនិយោគធំៗ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ដីធ្លីនៅក្នុងប្រទេសកម្ពុជា គឺជាឱកាសដើម្បីធ្វើការវិនិយោគដ៏សំខាន់និងចាំបាច់ ហើយភាគច្រើនអ្នកដែលវិនិយោគលើដីធ្លី ទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈបទពិសោធន៍ជាង១០ឆ្នាំមកនេះ។
លោកបន្តថា “ការរីកចម្រើននៃវិស័យដីធ្លីនៅក្នុងរាជធានីភ្នំពេញ មានសន្ទុះលឿនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ”។ លោកថា “កាលពីមុនការអភិវឌ្ឍដីធ្លីត្រូវបានគេមើលឃើញថាបានងាកទៅខាងលិច ឈៀងខាងជើងរាជធានីភ្នំពេញ ប៉ុន្តែមកដល់ពេលនេះ វាបានរីកទៅគ្រប់ទិសនៃរាជធានីភ្នំពេញ ឬអាចនិយាយថាមុំ៣៦០ដឺក្រេរួចទៅហើយ”។
លោកច្រឹក សុខនីមបន្តថា សម្រាប់អ្នកដែលមានជំនាញទិញលក់អចលនទ្រព្យ គេតែងតែប្រមើល មើលនិងវិភាគទៅលើប្រព័ន្ធគម្រោងប្លង់មេ របស់សាលារាជធានីភ្នំពេញ ដែលអាចឱ្យគេវិនិយោគលើដីធ្លីទៅមិនចេះខុស និងទទួលបានផលចំនេញមកវិញភ្លាមៗ ។ ដើម្បីទទួលបានគម្រោងប្លង់មេនេះ អ្នកវិនិយោគអាចរកវាពីភ្នាក់ងារអចលនទ្រព្យដែលមានជំនាញ ឬក៏អាចទៅសួរនាំទៅតាមនាយកដ្ឋានសុរិយោដី តាមបណ្ដាមន្ទីររៀបចំដែនដីនៅនគរូបនីយកម្ម និងសំណង់រាជធានីខេត្ត ឬក៏អាចទៅសួរនាំនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក៏កាន់តែប្រសើរ ។
លោកឧកញ៉ាគីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានឱ្យដឹងផងដែរ សក្ដានុពលក្នុងការវិនិយោគដីធ្លី នៅក្នុងប្រទេសកម្ពុជា គឺនៅមានឱកាសខ្ពស់ណាស់ បើធៀបនឹងប្រទេសជិតខាង ព្រោះតម្លៃដីធ្លីនៅក្នុងប្រទេសកម្ពុជា នៅមានកម្រិតនៅឡើយ ហើយការអភិវឌ្ឍអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក៏មិនទាន់ដូចប្រទេសជិតខាងឬប្រទេសផ្សេងៗទៀតក្នុងតំបន់ ។
លោកបន្តថា ការវិនិយោគដីធ្លីវាអត់ត្រូវខាតនោះទេ ហើយទិញដីនៅពេលនេះនឹងចំណេញនៅពេលខាងមុខ ពីព្រោះថាដីមិនកើតទេ តែមនុស្សកើតរាល់ថ្ងៃ ហើយតម្រូវការមនុស្សគឺដីសម្រាប់សង់ផ្ទះរស់នៅ ដូច្នេះនៅពេលតម្រូវការកាន់តែច្រើន តម្លៃដីធ្លីនឹងកាន់តែកើនឡើង”៕