ដោយៈ ជេស៊ីកា
ភ្នំពេញៈមន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថា ក្រុមហ៊ុនចិនកំពុងពន្លឿនការសាងសង់ អាកាសយានដ្ឋានតារាសាគរ ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិនាពេលខាងមុខនេះ។
ការសាងសង់អាកាសយានដ្ឋានតារាសាគរ ក្នុងខេត្តកោះកុង ឱ្យចប់តាមការគ្រោងទុកនៅចុងឆ្នាំ ឬដើមឆ្នាំក្រោយ ស្របពេលនឹងការបើកប្រទេសទទួលភ្ញៀវទេសចរ ខណៈខេត្តកោះកុងក៏ជាខេត្តគោលដៅដំបូងមួយផងដែរ។
លោកស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី២៨ តុលាកន្លងមកថា ការសាងសង់នៃអាកាសយានដ្ឋានតារាសាគរ រងផលប៉ះពាល់បន្តិចបន្តួចពីអាកាសធាតុ និងការឆ្លងសហគមន៍នៃជំងឺកូវីដ ប៉ុន្តែក្រុមហ៊ុន អះអាងថា កំពុងពន្លឿនការសាងសង់បញ្ចប់តាមការគ្រោងទុក។
លោកបន្តថា “ឥឡូវនេះ ការសាងសង់ជិតបញ្ចប់ហើយ ប៉ុន្តែការហោះហើរមិនមែនធ្វើឡើងភ្លាមៗទេ។ ជាផែនការយើងនឹងបើកទទួលទេសចរណ៍ ប៉ុន្តែយើងនៅមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើបន្តបន្ទាប់”។
លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ក្រុមហ៊ុននឹងធ្វើការស្នើសុំការហោះហើរសាកល្បងបន្ទាប់ពីការងារសាងសង់បញ្ចប់ ជាមួយនឹងនិតីវិធីផ្សេងៗទៀត ដែលត្រូវបំពេញមុនធ្វើការហោះហើរជាផ្លូវការ។
រដ្ឋាភិបាលកម្ពុជា បានប្រកាសបើកទទួលទេសចរដែលបានចាក់វ៉ាក់សាំងរួច ចាប់ពីចុងខែវិច្ឆិកានេះតទៅ សម្រាប់ទិសដៅទេសចរណ៍ចំនួន៣កន្លែងរួមមាន ក្រុងព្រះសីហនុ កោះរ៉ុងនៃខេត្តព្រះសីហនុ និងតំបន់វិស្សមកាលតារាសាគរ ខេត្តកោះកុង។
លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ក្រុមហ៊ុន Bangkok Airway នឹងចាប់ផ្តើមហោះហើរមកកាន់ទីក្រុងភ្នំពេញ នៅថ្ងៃទី១ធ្នូខាងមុខនេះ ខណៈក្រុមហ៊ុនក្នុងស្រុកឡានម៉ី គ្រោងនឹងហោះហើរពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងបាងកកនៅថ្ងៃដដែលនេះផងដែរ។
លោកបន្តថា “កាលណាអាកាសចរណ៍ហោះហើរ ទេសចរណ៍ដើរហើយ ទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគនឹងមកដល់”៕