ដោយៈសុខុម
បាងកក: ដោយមានទំនុកចិត្តខ្ពស់ ចំពោះទីផ្សារអចលនទ្រព្យ ក្រុមហ៊ុនអភិវឌ្ឍន៍ Noble Development Plc ដែលចុះបញ្ជីលើទីផ្សារមូលបត្រថៃ គ្រោងចាប់ផ្ដើមគម្រោង ថ្មីៗដល់ទៅ១៨គម្រោងនៅឆ្នាំ២០២២ ជាមួយនឹងទំហំទុនវិនិយោគសរុបជាង១,៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃទី៣០ វិច្ឆិកា នេះ។
លោក Thongchai Busrapan ដែលជាអគ្គនាយក និងប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ខាងលើនេះបានថ្លែងថា ក្រុមហ៊ុនរបស់លោក បានត្រៀមលក្ខណៈមួយរយៈពេលហើយដើម្បីចាប់ផ្តើមគម្រោងថ្មីៗ ដោយបានតែងតាំងនាយកប្រតិបត្តិថ្មីៗ បង្កើតក្រុមការងារថ្មីៗ និងប៊្រែន ឬម៉ាកយីហោថ្មីៗ ប៉ុន្តែត្រូវរង់ចាំឱ្យទីផ្សារងើបឡើងវិញសិន។
លោកបានបន្ថែមថា “ស្ថានភាពទីផ្សារនឹងមានទំនោរវិជ្ជមាននៅឆ្នាំក្រោយ ព្រោះវាបានធ្លាក់ដល់ចំណុចបាតរួចទៅហើយ នៅត្រីមាសទី៣ ឆ្នាំ២០២១ ជាពេលដែលប្រទេសថៃ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារការឆ្លងរីករាលដាលវីរុសកូវីដ-១៩ រលកទី៣”។
គម្រោងថ្មីៗទាំងនេះ នឹងរួមមានគម្រោងខុនដូចំនួន៩ ដែលមានតម្លៃសរុប៣១,៩ពាន់លានបាត (ប្រមាណ៩៤៤លានដុល្លារអាមេរិក) គម្រោងផ្ទះល្វែងបែបទំនើបចំនួន៥ដែលមានតម្លៃសរុប៩,៣ពាន់លានបាត (ប្រមាណ២៧៥លានដុល្លារអាមេរិក) និងគម្រោងផ្ទះដាច់ៗពីគ្នាចំនួន៤ ដែលមានតម្លៃ៦,២ពាន់លានបាត (ប្រមាណ១៨៣លានដុល្លារអាមេរិក)។
លោក Thongchai Busrapan បានគូសបញ្ជាក់ថា “យើងនឹងចាប់ផ្ដើមគម្រោងលំនៅដ្ឋានទាបៗបន្ថែមទៀតនៅឆ្នាំក្រោយ នៅពេលក្រុមហ៊ុនរបស់យើងទទួលបានកំណើនដែលជំរុញ ដោយការបន្ធូរបន្ថយលើការផ្ដល់ឥណទាន។ ការបន្ធូរបន្ថយលើវិធានស្ដីពីឥណទានគេហដ្ឋាន ក៏នឹងជួយជំរុញការលក់ខុនដូផងដែរ ព្រោះអ្នកទិញមិនចាំបាច់បង់ប្រាក់កក់ជាមុន”។
ទន្ទឹមនេះលោកក៏បានលើកឡើងបន្ថែមទៀតថា “យើងកំពុងស្វះស្វែងរកទិញគម្រោងលំនៅដ្ឋានថ្មីៗ និងធ្វើទីផ្សារលក់អ្នកទិញជនជាតិចិន ព្រោះមានតម្រូវការខ្ពស់។ គម្រោងទាំងនោះ ប្រហែលជាគម្រោងដែលសាងសង់រួចរាល់ តែផ្ទះមិនទាន់លក់ចេញអស់ ឬក៏ផ្ទះមួយទឹក”៕ Bangkok Post៕