សម្តេចតេជោអញ្ជើញពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅថ្ងៃនេះ

0

ដោយៈជេស៊ីកា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាននិងកំពុងចុះពិនិត្យ ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ដំណើរអញ្ជើញចុះ ពិនិត្យការដ្ឋានសាងសង់នៅថ្ងៃនេះ គឺជាដំណើរលើកទីពីរហើយ។ កាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះត្រួតពិនិត្យ ដំណើរការសាងសង់ព្រលានយន្តអន្តរជាតិនេះរួចម្តងមកហើយ។

ដំណើរអញ្ជើញពិនិត្យការដ្ឋានសាងសង់នេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ របស់សម្តេចតេជោ ចំពោះដំណើរការសាងសង់ អាកាសយានដ្ឋានដ៏ទំនើប លើកដំបូងនៅកម្ពុជា ហើយក៏ជាការផ្តល់កម្លាំងចិត្ត ដល់ក្រុមការងារសាងសង់ទាំងអស់នៅការដ្ឋា​ន ដែលបានប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ លើការសាងសង់ ដើម្បីនាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ មិនត្រឹមតែពង្រឹងដល់ប្រព័ន្ធ ដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹកប៉ុណ្ណោះទេ ការដឹកជញ្ជូនផ្លូវអាកាស ក៏ស្ថិតក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួនផងដែរ ដើម្បីពង្រីកដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មទេសចរណ៍។

ដើម្បីឆ្លើយតបនឹងមហិច្ឆតាដ៏មហិមានេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះឡើង លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ដែលជាគម្រោងដ៏ធំសម្បើម នៅក្នុងប្រទេសកម្ពុជានេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ។

គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើង ក្នុងដំណើរទេស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។

សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគ​រវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិននាពេលនោះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here