ដោយៈគង់ សូរិយា
ភ្នំពេញៈ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានលើកឡើង ពីគំរោងដែលបាន និងកំពុងសាងសង់ និងគ្រោងសាងសង់ចំនួន៩នៅកម្ពុជា ដែលវាជាផ្នែកសំខាន់នៃការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោកបានលើកឡើងពីគំរោងទាំងនោះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក Jack Myint កាលពីថ្ងៃម្សិលម៉ិញនេះ។
ក្នុងជំនួបនេះ ក៏មានការចូលរួមពីគណៈប្រតិភូរបស់ក្រុមហ៊ុន Amazon ក្រុមហ៊ុន Chevron ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន ExxonMobil ក្រុមហ៊ុន Ford ក្រុមហ៊ុន Meta ក្រុមហ៊ុន Visa ក្រុមហ៊ុន Pernod Ricard និងក្រុមហ៊ុន RMA Group ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួងមន្ត្រីជំនាញពាក់ព័ន្ធមកពីអង្គភាពក្រោមឱវាទក្រសួងផងដែរ។
ថ្លែងក្នុងជំនួបនោះ ទេសរដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃគម្រោងសាងសង់ហេដ្ឋា រចនាសម្ព័ន្ធ ដែលសម្រេចបានគម្រោងកំពុងអនុវត្តបន្ត និងគម្រោងសាងសង់នាពេលអនាគតដែលរួមមាន ទី១ គម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៥ ពីពីរគន្លងទៅបួនគន្លងជាផ្នែកមួយនៃអាស៊ានហាយវ៉េ ដើម្បីតភ្ជាប់កម្ពុជាជាមួយបណ្ដាប្រទេសជិតខាង ទី២ គម្រោងស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំនេះ ការបញ្ចប់កិច្ចព្រមព្រៀងក្របខ័ណ្ឌ ទី៣ គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិត ទី៤ គម្រោងកសាងចំណតផែកុងតឺន័រថ្មីដំណាក់កាលទី១ ដំណាក់កាលទី២ និងដំណាក់កាលទី៣ ដែលអនុញ្ញាតឱ្យនាវាធំៗលើពិភពលោកចូលចត និងដឹកជញ្ជូនទំនិញទៅកាន់បណ្តាប្រទេសនានាលើពិភពលោក ជាពិសេសសហរដ្ឋអាមេរិក។
ទី៥ លើកកម្ពស់គុណភាពផ្លូវជាតិលេខ៤ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីសម្រួលដល់លំហូរពាណិជ្ជកម្ម ទី៦ គម្រោង សិក្សាអំពីការធ្វើទំនើបកម្មផ្លូវដែក ដែលមានស្រាប់ឱ្យទៅជាផ្លូវដែកល្បឿនលឿន តភ្ជាប់ពីភ្នំពេញទៅកាន់ ប្រទេសថៃ និងទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅ ឬសិក្សាប្រព័ន្ធផ្លូវដែកថ្មី តាមអនុសាសន៍ណែនាំដ៏ខ្ពង់ ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គម្រោងសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងដឹកជញ្ជូន ទី៧ តាមផ្លូវទឹកត្រង់ពីទន្លេបាសាក់ រាជធានីភ្នំពេញឆ្ពោះទៅកាន់កំពង់ផែឆ្នេរសមុទ្រខេត្តកែប ដែលអាចឱ្យកម្ពុជាដឹកជញ្ជូនទំនិញទៅក្រៅប្រទេស និងជួយកាត់បន្ថយថ្លៃដើមទំនិញ និងចំណេញពេលវេលា។
ទី៨ គំរោងសាងសង់ផែកំពតមួយបន្ថែមទៀត គ្រោងនឹងបើកការដ្ឋាននៅថ្ងៃនេះ ដែលនឹងជួយបំពេញបន្ថែមដល់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ទី៩ ការចុះហត្ថលេខា លើអនុស្សរណៈយោគយល់រវាងក្រុមហ៊ុន YCH Group និងក្រុមហ៊ុន WorldBridge Group ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភស្ភុភារកម្មភ្នំពេញ (PPLC) ដើម្បីជួយធ្វើឱ្យប្រសើរឡើងដល់ប្រព័ន្ធភស្តុភារកម្ម និងការដឹកជញ្ជូនរបស់កម្ពុជា។
លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីសារសំខាន់នៃការដឹកជញ្ជូនតាមផ្លូវទឹក ជាពិសេសប្រព័ន្ធផ្លូវទឹករបស់កម្ពុជាដែលរួមមាន ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ ទន្លេស្រែពក ទន្លេសេសាន ដែលជាប្រភពធនធានធម្មជាតិ ប្រកបដោយសក្កានុពលរបស់កម្ពុជា ហើយរហូតមកទល់ពេលនេះ កម្ពុជានៅមិនទាន់ទាញយកអត្ថប្រយោជន៍ ឱ្យអស់លទ្ធភាពនៅឡើយ។
លោកក៏បានលើកឡើងអំពីសារសំខាន់ នៃការរៀបចំប្រព័ន្ធស្វ័យ ប្រវត្តិកម្មផ្តល់សេវាសាធារណៈ ដើម្បីគាំទ្រដល់ការផ្ដល់សេវាសាធារណៈឱ្យស្របទៅនឹងបច្ចុប្បន្នភាព នៃបដិវត្តន៍ឧស្សាហកម្ម ជំនាន់៤.០ ឬហៅថា៖ ឌីជីថលភាវូបនីយកម្ម (Digitalization) ប្រព័ន្ធត្រួតពិនិ ត្យលក្ខណៈបច្ចេកទេសយានជំនិះ ការប្រឡងយកបណ្ណបើកបរ និងប្រព័ន្ធគ្រប់គ្រងពិន័យអំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបរផងដែរ។
ទន្ទឹមជាមួយគ្នានោះ តំណាងក្រុមហ៊ុនធំៗរបស់អាមេរិក ចូលរួមបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន លើបញ្ហាពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលផ្ដោតលើចំណុចសំខាន់បីរួមមាន ទី១) ការចែករំលែកចំណេះដឹង ពាក់ព័ន្ធនឹងហានិភ័យខ្ពស់ បង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ និងយានយន្តធំៗបើកបរ នៅពេលយប់។
ទី២) ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់សុវត្តិភាពចរាចរណ៍ និងទី៣) សុវត្ថិភាព ចរាចរណ៍នៅតាមតំបន់ ដែលមាននិស្សិតសិស្សឆ្លងកាត់។
ដោយឡែកទាក់ទងនឹងការប្រើប្រាស់ យានយន្តអគ្គិសនី តំណាងក្រុមហ៊ុន បានស្នើឱ្យក្រសួងពិនិត្យលទ្ធភាព បង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រថ្នាក់ជាតិ ដើម្បីកំណត់ស្តង់ដារលើការប្រើប្រាស់រថយន្ត ថាមពលអគ្គិសនី ក៏ដូចជាស្ថានីយបញ្ចូលថាមពលអគ្គិសនីផងដែរ។
បន្ថែមពីលើនេះ តំណាងស្ថានទូតសហរដ្ឋអាមេរិក បានសំដែងនូវការគាំទ្ររបស់របស់ខ្លួន ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងបានសន្យាជំរុញឱ្យក្រុមហ៊ុន ក៏ដូចជា វិនិយោគិនរបស់អាមេរិក មកដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើនថែមទៀត ដើម្បីផ្ទេរ ក៏ដូចជាចែករំលែកចំណេះដឹង និងបច្ចេក វិទ្យាថ្មីៗ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕