បន្ទាប់ពីទទួលបានការសាទរ និងជោគជ័យទៅលើការប្រារព្វព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យចំនួន2លើកកាលពីឆ្នាំ2017 ក្រោមការចូលរួមពីសំណាក់អ្នកទស្សនាប្រមាណជាង10000នាក់ ក៏ដូចជាអ្នកវិនិយោគលើវិស័យមួយនេះយ៉ាងកុះករ។ នៅត្រឹមព្រឹកថ្ងៃទី19 ខែតុលា ឆ្នាំ2018 នេះ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ2018 ពិព័រណ៍អចលនទ្រព្យបានចាប់ផ្តើមជាលើកទី3 នៅសណ្ឋគារណាហ្គាវើល ជាន់ទី2 ក្រោមការរៀបចំឡើងដោយក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ www.realestate.com.kh ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងព្រឹត្តិការណ៍កាលពីព្រឹកមិញនេះ លោក Thomas O’s ullivan នាយកគ្រប់គ្រង ក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ www.realestate.com.kh បានលើកឡើងថា លោកពិតជារីករាយនៅពេលដែលមហាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះត្រូវបានដំណើរការដោយរលូន ក្រោមការចូលរួមគាំទ្រពីសំណាក់បណ្តាអ្នកវិនិយោគវិស័យអចលនទ្រព្យនៅកម្ពុជា ក៏ដូចជាក្រុមហ៊ុនមកពីក្រៅស្រុក សរុបប្រមាណជាង 50 ក្រុមហ៊ុន ដូចជា ក្រុមហ៊ុនវិនិយោគវិស័យខុនដូ អាផាតមិន និងបុរីជាដើម រួមជាមួយនឹងស្ថាប័នគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។
លោកបានរំលឹកទៀតថា ៖ កាលពីឆ្នាំកន្លងទៅ តាមរយៈព្រឹត្តិការណ៍នៃការតាំងពីពិព័រណ៍អចលនទ្រព្យនេះ ក្រៅពីបានផ្តល់ឱកាសដល់បណ្តាក្រុមហ៊ុនអចលនទ្រព្យមួយចំនួនបានដាក់តាំងបង្ហាញគម្រោងវិនិយោគរបស់ខ្លួនដើម្បីស្វែងដៃគូសហការនោះ ក៏ដូចជាផ្តល់ព័ត៌មានលម្អិតទៅដល់អតិថិជននោះ ថែមទាំងបានជម្រុញដល់ការលក់នៅក្នុងព្រឹត្តិការណ៍រយៈពេល2ថ្ងៃ បានរហូតដល់ប្រមាណជាង 20 លានដុល្លារ។ ដោយឡែកសម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ប្រចាំឆ្នាំ2018នេះ លោករំពឹងថា នឹងទទួលបានការចាប់អារម្មណ៍ និងទទួលបានលទ្ធផលកាន់តែប្រសើរជាងឆ្នាំកន្លងទៅ ខណៈដែលទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្នកំពុងតែមានភាពពុះកញ្ជ្រោលយ៉ាងខ្លាំង ជាពិសេសពីសំណាក់ជនជាតិបរទេស ដែលក្នុងនោះអ្នកវិនិយោគចិនបានឈរនៅលំដាប់កំពូល ។
លោក ជា ឡាយឃាង អគ្គនាយកក្រុមហ៊ុន Residence Bel air ដែលកំពុងមានសកម្មភាពយ៉ាងមមាញឹកទៅលើការសាងសង់សំណង់អគារខុនដូររបស់ខ្លួន ដែលមានកម្ពស់18ជាន់ ស្មើនឹង82 យូនីត ក្នុងរចនាបថបែបបារាំងលើកដំបូងនៅកម្ពុជានោះ បានលើកឡើងផងដែរថា ៖ មកដល់ពេលនេះគម្រោងខុនដូ Residence Bel air លក់បានជាង 20ភាគរយហើយ ខណៈដែលអតិថិជនភាគច្រើនជាជនជាតិបរទេស និងជនជាតិខ្មែរផងដែរ។ លោកថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំ2018 នឹងទទួលបានលទ្ធផលល្អប្រសើរច្រើន ព្រោះត្រឹមតែរយៈពេលមួយព្រឹកនៃព្រឹត្តិការណ៍នេះ ក្រុមហ៊ុនរបស់លោកទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកចូលរួមទស្សនាយ៉ាងកុះករ ហើយក៏ទទួលបានការកក់-ទិញពីសំណាក់អតិថិជនផងដែរ ។
សូមបញ្ជាក់ផងដែរថា សម្រាប់មហាព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំ2018 ដែលរៀបចំឡើងដោយ ក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ www.realestate.com.kh នៅសណ្ឋាគារណាហ្គាវើលជាន់ទី2នេះ ត្រូវបានប្រារព្វចំនួន2ថ្ងៃ គឺថ្ងៃទី19-20 តុលា ឆ្នាំ2018 ដែលចូលរួមទស្សនាដោយសេរី ៕