ដោយ៖ សុផារី
បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានព្រមានជាលើកទី២ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានសាងសង់សំណង់ផ្សេងៗ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ត្រូវរុះរើសំណង់ចេញ មុនពេលក្រុមហ៊ុនសាងសង់ចាប់ផ្ដើមដំណើរការ នាពេលខាងមុខនេះ។
តាមរយៈសេចក្តីជូនដំណឹងលើកទី២ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញផ្សាយនៅថ្ងៃទី០៨ ខែឧសភានេះ បានបញ្ជាក់ថា សំណងត្រូវបានសងរួចហើយ សម្រាប់គ្រួសារ ដែលរងផលប៉ះពាល់ ជាង១ពាន់គ្រួសារ។ រដ្ឋបាលខេត្តបានរកឃើញថា មានប្រជាពលរដ្ឋមួយចំនួនធំបានអនុវត្តរួចហើយ ប៉ុន្តែមានអ្នកខ្លះមិនបានអនុវត្ត។
រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្នើឱ្យអាជីវករ ក្រុមហ៊ុន អង្គភាព ពាក់ព័ន្ធនានា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានសាងសង់សំណង់ផ្សេងៗដូចជា ផ្ទះសម្បែង តូបលក់ដូរ សំណង់បណ្ដោះអាសន្នផ្សេងៗ ស្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្ម ស្លាកគណបក្ស បង្គោលអគ្គិសនី បង្គោលខ្សែបណ្ដាញទូរគមនាគមន៍ ខ្សែកាបអុបទិច បណ្ដាញទឹកស្អាត ។ល។ នៅលើដីចំណីផ្លូវជាតិលេខ៥ ដែលរងផលប៉ះពាល់ ដោយសារគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ (ផ្នែកចុងបញ្ចប់) សិរីសោភ័ណ-ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវរុះរើឲ្យបានមុនពេលក្រុមហ៊ុនសាងសង់ចាប់ផ្ដើមដំណើរការ នាពេលខាងមុខនេះ។
លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានមានប្រសាសន៍នៅថ្ងៃទី៩ ខែឧសភា ថា រដ្ឋបាលមិនទាន់កំណត់ពេលវេលា សម្រាប់ការរុះរើនៅឡើយទេ។ យ៉ាងណាក៏ដោយ ក្រសួងបាននិយាយថា ការងារសាងសង់ផ្លូវនឹងចាប់ផ្ដើមនៅពេលខាងមុខឆាប់ៗនេះ។
លោកបានមានប្រសាសន៍ថា “យើងមិនទាន់បានកំណត់ពេលវេលាទេ។ បងប្អូន ដែលរងផលប៉ះពាល់ បានផ្តិតមេដៃលើកិច្ចសន្យាសំណងរបស់ពួកគាត់រួចហើយ។ អ្នកខ្លះពន្យារពេល ឬបដិសេធក្នុងការចាប់ផ្តើមរុះរើជា បើទោះបីជាបានយល់ព្រមទទួលបានសំណងរួចហើយក្តី”។
រដ្ឋបាលខេត្តបានបញ្ជាក់ថា “ប្រសិនបើសាធារណជន អាជីវករ ក្រុមហ៊ុន ឬបងប្អូន មិនគោរពតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តនឹងមិនទទួលខុសត្រូវចំពោះការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិឡើយ”។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងកែលម្អផ្លូវជាតិលេខ៥ ប្រវែង៣៥គីឡូម៉ែត្រនេះ បានចាប់ផ្តើមសាងសង់កាលពីខែមេសា ដោយចំណាយថវិកាប្រមាណ៥០លានដុល្លារអាមេរិក ក្រោមកម្ចីសម្បទានពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)៕