ដោយៈគង់ សូរិយា
សៀមរាបៈ ជាដំណឹងរីករាយមួយសំរាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ អាជ្ញាធរអប្សរា គ្រោងនឹងបើកសម្ពោធដាក់ឲ្យដំណើរការ សួនរុក្ខជាតិអង្គរទំហំជាង១៥ហិកតា ដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗនេះ។
អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក យិត ចាន់ដារដ្ឋ បានឲ្យដឹងកាលពីពេលថ្មីៗនេះថា សួនរុក្ខជាតិអង្គរជារមណីយដ្ឋានកែច្នៃ ទំហំជាង១៥ហិកតា មានទីតាំងក្នុងក្រុងសៀមរាប ដែលមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើម ជាមួយនិងពូជជាង៥០០ប្រភេទ ដូចជាដើមផ្កា ស្មៅ ឈើហូបផ្លែ ហើយសួននេះ មានលក្ខណៈពិសេស លើសពីសួនកំសាន្តដទៃទៀតនៅកម្ពុជា ព្រោះសួននេះ ស្ថិតក្នុងរចនាបទបែបខ្មែរសុទ្ធសាធ។
លោកបានបន្ថែមថា សួនរុក្ខជាតិអង្គរនេះ មាន៥ផ្នែក គឺផ្នែកទី១.ជាសួនគ្រឿងទេស និងសួនរុក្ខជាតិឱសថ ទី២.គឺជាសួនផ្កាស្មៅ និងផ្កាចម្រុះ ទី៣.ជាសួនអំបូរត្នោត ដែលដាំរុក្ខជាតិអំបូរត្នោតច្រើនប្រភេទ។ ទី៤.ជាសួនខ្មែរ ដែលប្រមូលផ្តុំដោយឈើហូបផ្លែច្រើនប្រភេទ មានទាំងឈើហូបផ្លែក្នុងប្រទេស និងឈើនាំចូលពីបរទេស ។
ទី៥ គឺសួនព្រៃឈើនិងសត្វព្រៃអង្គរ ដែលសួននេះជាផ្នែកមួយនៃព្រៃឈើ ក្នុងតំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែវាត្រូវបានកែច្នៃឱ្យមានផ្លូវដើរមានទឹកដើម្បីឱ្យកាន់តែមានសម្រស់ និងភាពទាក់ទាញថែមទៀត។
សួនរុក្ខជាតិអង្គរ មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងសេះ ឃុំគោកចក ក្រុងសៀមរាប ពោលគឺនៅក្នុងតំបន់អង្គរតែម្តង។
បន្ទាប់ពីការបើកសម្ពោធជាផ្លូវការរួចហើយ សួននេះគ្រោងនឹងបើកឱ្យសាធារណៈជន បានចេញចូលទស្សនាដោយមិនគិតថ្លៃ ក្នុងរយៈពេល១ខែ បន្ទាប់ពីនោះ គឺអាជ្ញាធរបានលក់សំបុត្រ ឱ្យភ្ញៀវចូលទស្សនានៅក្នុងតម្លៃថោកបំផុត ដើម្បីយកកម្រៃមកថែរក្សាសួននេះ។
អាជ្ញាធរជាតិអប្សរារំពឹងថា សួនរុក្ខជាតិអង្គរនេះ អាចនឹងផ្ដល់ផលិតផលទេសចរណ៍ថ្មីៗថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ដែលមកដល់ទឹកដីខេត្តសៀមរាប។
កន្លងមកក៏មានក្រុមហ៊ុន Korea Forest Service បានមកសិក្សាចង់បង្កើតឧទ្យានធម្មជាតិបែបកូរ៉េ ដែលនឹងត្រូវសាងសង់នៅក្នុងតំបន់អង្គរ សៀមរាប ដែលជាការចម្លងម៉ូត និងបច្ចេកវិទ្យាគ្រប់គ្រងព្រៃឈើតាមស្ដង់ដាកូរ៉េ មកកម្ពុជាដោយផ្ទាល់ផងដែរ៕