ដោយៈវឌ្ឍនៈ
សៀមរាបៈ ផ្លូវ៣៨ខ្សែ ដែលរដ្ឋាភិបាលបានចំណាយទុនវិនិយោគប្រមាណ១៦០លានដុល្លារនៅខេត្តសៀមរាប បានដាក់ឱ្យដំណើរការអស់រយៈពេលជាង២ខែមកហើយ។
ហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗទាំងនេះ បាននិងកំពុងហុចផលប្រយោជន៍ ដល់អចលនទ្រព្យក្នុងខេត្តសៀមរាប និងបានធ្វើឱ្យវិនិយោគិនជាតិនិងអន្តរជាតិចាប់ផ្ដើមសម្លឹងមើល ការវិនិយោគនៅក្នុងខេត្តមួយនេះផងដែរ។
លោកសំ សីហា ប្រធានក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តសៀមរាបបានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងនារសៀលថ្ងៃទី១៣ ឧសភានេះថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមិនថាទឹក ភ្លើង និងផ្លូវគឺសុទ្ធតែហុចសក្ដានុពល ទៅលើវិស័យអចលនទ្រព្យ ក្នុងនោះដែរផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបក៏ដូចគ្នា គឺនឹងហុចសក្ដានុពលដល់ការវិនិយោគនៅក្នុងខេត្តសៀមរាបទាំងមូល ជាក់ស្ដែងពេលនេះវាក៏បានទាក់ទាញការវិនិយោគជាបន្តបណ្ដើរហើយ ។
លោកបន្តថា “បើសិនជាចង់ឱ្យវាទាក់ទាញកាន់តែខ្លាំងថែមទៀត គឺវាត្រូវការពេលវេលាបន្តិច អាចពី៦ខែទៅ២ឆ្នាំនោះ យើងនឹងពីឥទ្ធិពលនៃតម្លៃដីធ្លី កំណើនវិនិយោគិនទៅកាន់ខេត្តសៀមរាប និងការអភិវឌ្ឍកាន់តែរីកចម្រើនបន្ថែមទៀត”។ លោកថា “ពេលនេះតម្លៃដីធ្លី និងការវិនិយោគនៅក្នុងខេត្តនេះមិនទាន់មានជាធំដុំនៅឡើយទេ ពីព្រោះតែវាស្ថិតនៅក្នុងវិបត្តិរាលដាលបណ្ដាលមកពីកូវីដ១៩នៅឡើយ ហើយការអភិវឌ្ឍមួយចំនួនគឺទៅលើផ្ទះលំហែកាយ ដីឡូត៏ ដោយមិនទាន់មានក្រុមហ៊ុនធំៗ ចូលមកក្រោយការសាងសង់រួចនៃផ្លូវ៣៨ខ្សែនៅឡើយទេ”។
លោកបន្ថែមថា នៅពេលអនាគត យើងរំពឹងថាកំណើននៃការវិនិយោគនៅក្នុងខេត្តសៀមរាប នឹងកាន់តែមានសន្ទុះ ជាមួយនឹងការកើនឡើងនៃតម្លៃដីធ្លីផងដែរ ពីព្រោះក្រៅពីផ្លូវ៣៨ខ្សែ ខេត្តសៀមរាបក៏មានកត្តាទាក់ទាញជាច្រើន ដូចជា ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី និងតំបន់ទេសចរណ៍ជាច្រើន ។
ចំណែកលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ឱ្យតែមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍអចលនទ្រព្យ នឹងមានទៅតាមក្រោយដែរ ហើយនឹងជំរុញតម្លៃដីធ្លីកាន់តែមានសន្ទុះបន្ថែមផងដែរ។
លោកបន្តថា “ស្ថានភាពអចលនទ្រព្យនៅខេត្តសៀមរាប កំពុងឆ្ពោះទៅមុខ ប៉ុន្តែមិនទាន់មានគំរោងធំៗច្រើននៅឡើយទេ ខណៈការទិញនៅមានកំរិតនៅឡើយ”។ លោកបន្តថា “យ៉ាងណាក៏ដោយអ្វីៗនឹងមានភាពល្អប្រសើរឡើងនាពេលឆាប់ៗខាងមុខ”។
ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីអំឡុងខែវិច្ឆិកា២០២០ ចំណាយទុនលើការសាងសង់ជាង១៥០លានដុល្លារអាមេរិក។ ផ្លូវនេះបានសាងសង់រួចតាំងពីអំឡុង ខែធ្នូឆ្នាំ ២០២១ និងត្រៀមបើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី០៤ មេសា ២០២២ខាងមុខនេះ៕