ដោយៈវឌ្ឍនៈ
ភ្នំពេញៈ កាលពីប៉ុន្មានឆ្នាំមុននេះ តំបន់តាមបណ្ដោយផ្លូវវេងស្រេងជាតំបន់មួយ មិនមានការចាប់អារម្មណ៍ និងវិនិយោគគំរោងធំៗឡើយ ហើយវាក៏គ្រាន់តែជាតំបន់ឧស្សាហកម្ម ដែលភាគច្រើននៃអ្នករស់នៅទីនោះជាអ្នកមានចំណូលក្រោមមធ្យមជាកម្មករ កម្មការិនីរោងចក្រកាត់ដេរ។
ប៉ុន្តែឥលូវនេះ អ្វីៗបាននិងកំពុងចាប់ផ្តើមផ្លាស់ប្តូរ និងប្រែមុខមាត់បន្តិចម្ដងៗ និងមានការអភិវឌ្ឍផ្ទះពាណិជ្ជកម្មនិងផ្សារទំនើបផងដែរ ក្នុងនោះផ្សារទំនើបចំនួន២ នឹងជំរុញឱ្យតំបន់នេះ ក្លាយជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម (Central Business Development)។
ផ្សារទំនើបទាំងពីរ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវវេង ស្រេងហើយនឹងជំរុញឱ្យមានការអភិវឌ្ឍ ជាបន្តបន្ទាប់នោះរួមមានផ្សារទំនើប K-Mall បានសាងសង់រួចនិងកំពុងដំណើរការអាជីវកម្មរបស់ខ្លួន និងផ្សារទំនើបជីបម៉ុង ដែលកំពុងដំណើរការសាងសង់ និងដាក់ឱ្យដំណើរការអាជីវកម្មនៅពេលខាងមុខនេះដែរ។
ផ្សារទំនើបទាំងពីរនេះ នឹងនាំមកនូវម៉ាកយីហោទំនិញពីបរទេស និងក្នុងស្រុកមកកាន់តំបន់នេះ ហើយនឹងជំរុញឱ្យតំបន់មួយនេះ មានការប្រែប្រួលយ៉ាងលឿន។ ក្រៅពីផ្សារទំនើបទាំងពីរនេះហើយ ក៏មានហាងទំនិញម៉ាកល្បីៗពីបរទេស និងក្នុងស្រុកជាច្រើន នៅតាមបណ្ដោយផ្លូវនេះផងដែរ ។
លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance បានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣១ ឧសភានេះថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅតំបន់ផ្លូវវេង ស្រេង ពិតជាមានការកែប្រែមុខមាត់ខុសពីមុនមែន ដោយកាលពីមុនតំបន់នេះ ជាតំបន់ឧស្សាហកម្ម តែបច្ចុប្បន្នឧស្សាហកម្មក៏រក្សាដដែលគ្រាន់តែ បន្ថែមជាលំនៅឋាននិងពាណិជ្ជកម្ម។
លោកបន្តថា នៅតំបន់នេះដែរ ក៏មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាច្រើន បានផ្គត់ផ្គង់បំពេញតម្រូវការជូនអតិថិជនផងដែរ ហើយបើកាលណាមានប្រជាពលរដ្ឋច្រើនទៅរស់នៅតំបន់នោះ វានឹងធ្វើឱ្យតម្រូវការសម្រាប់មនុស្សកើនឡើង ដែលជាហេតុធ្វើឱ្យមានការវិនិយោគលើផ្សារទំនើបនេះ”។
លោកប៉ូ អ៊ាវគង់បានបន្តថា នៅពេលខាងមុខនេះ តំបន់ផ្លូវវេងស្រេងជាពិសេសនៅតំបន់ផ្សារទំនើប K-Mall នឹងកាន់តែមានការអភិឌ្ឍលើពាណិជ្ជកម្មកាន់តែច្រើន ស្របពេលអគារពាណិជ្ជកម្ម និងផ្ទះពាណិជ្ជកម្មក៏បានកើនឡើងជាបន្តបន្ទាប់នៅតំបន់នេះផងដែរ ។
ជាមួយគ្នានេះ អ្នកនាង ជិន ដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ការវិនិយោគលើផ្សារទំនើប អាចធ្វើទៅបានអាស្រ័យលើកំនើននៃតម្រូវការ ហើយតំបន់ណាដែលមានមនុស្សរស់នៅច្រើន តម្រូវការលើផ្សារទំនើបនេះ ក៏កាន់តែច្រើនដូចគ្នា ។ យ៉ាងណាមិញសម្រាប់ផ្សារទំនើបៗ ដែលមិនទាន់មានគម្រោងបង្កើតឡើង គួររក្សាគម្រោងសិន ហើយបើសិនជាវិនិយោគិនមានគម្រោង និងដំណើរការហើយក៏អាចបញ្ចប់គម្រោងរបស់ខ្លួន៕