កម្ពុជានឹងចុះហត្ថលេខាទទួលហិរញ្ញវត្ថុជិត ១០លានដុល្លារ ជាមួយប្រទេសជាដៃគូសំខាន់ពីរ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ កម្ពុជាបន្តទទួលបានការគាំទ្រ ជ្រោមជ្រែងពីបណ្ដាប្រទេសជាមិត្ត និងមានសេដ្ឋកិច្ចធំៗនៅលើពិភពលោក ហើយកម្ពុជាតែងតែស្វាគម​ន៍នូវជំនួយ និងការគាំទ្រពីបណ្ដាប្រទេសទាំងនោះផងដែរ។

ជាក់ស្ដែងនៅថ្ងៃទី១៣ មិថុនា ២០២២នេះ កម្ពុជានឹងចុះហត្ថលេខាជាមួយបណ្ដាប្រទេសធំពីរ ក្នុងតំបន់អាស៊ី ដើម្បីផ្ដល់ហិរញ្ញប្បទានអភិវឌ្ឍន៍សេដ្ឋកិច្ច។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា នៅថ្ងៃទី១៣ មិថុនា ២០២២ លោកឧប​នាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោកមីកាមិ ម៉ាសាហ៊ីរ៉ុ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន មានទឹកប្រាក់៣៦៣លានយ៉េន ដើម្បីអភិវឌ្ឍន៍គម្រោងអភិវឌ្ឍន៍ធនធានមនុស្ស ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះឱ្យដឹងថា ហិរញ្ញប្បទានឥតសំណង ដែលផ្ដល់ដោយរាជរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធនធានមនុស្សនៅកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀត នូវកិច្ចការសហប្រតិបត្តិការល្អ ដែលមានស្រាប់ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។

ក្រៅពីការផ្ដល់ជំនួយនេះដែរ ជប៉ុនក៏ជាប្រទេសវិនិយោគធំមួយនៅកម្ពុជា លើវិស័យនានា ក្នុងនោះរួមមានសំណង់ អចលនទ្រព្យ ផ្សារទំនើបធំជាងគេ គ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារ និងវិស័យដែលមានអាទិភាពជាច្រើនទៀត។ ក្រៅពីនេះជប៉ុនក៏បានទទួលយកពលករកម្ពុជា ទៅបម្រើការងារនៅក្នុងប្រទេសរបស់ខ្លួនជាច្រើននាក់ផងដែរ ដែលជាបង្កើនប្រាក់ចំណូលដល់ប្រជាជនកម្ពុជា ។

សេចក្ដីប្រកាសមួយទៀត របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាឱ្យដឹងផងដែរថា នៅថ្ងៃទី១៣មិថុនាដដែលនេះ កម្ពុជានឹងចុះហត្ថលេខាជាមួយ សាធារណរដ្ឋប្រជាមានិតចិន ហើយភាគីកម្ពុជាតំណាងដោយលោកប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិ​បត្តិការអន្តរជាតិ និងភាគីចិនតំណាងដោយលោកវ៉ាង វិនធាន ឯកអគ្គ​រដ្ឋទូតចិនប្រចាំកម្ពុជា ។

សេចក្ដីប្រកាសបញ្ជាក់ថា ហត្ថលេខាដែលនឹងចុះរួមគ្នា នៅថ្ងៃទី១៣ មិថុនា ២០២២ លើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាងឆ្នាំ២០២២ ដែលមានទឹកប្រាក់សរុបចំនួន៤.៣៣៥.៩០០ដុល្លារអាមេរិក ភាគច្រើនគ្របដណ្ដប់លើសកម្មភាពក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន អភិវឌ្ឍន៍ជនបទ ទេសចរណ៍ បរិស្ថាន ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ អន្តោប្រវេសន៍និងការគ្រប់គ្រងព្រំដែនការស្រាវជ្រាវ អាកាសចរណ៍ ក៏ដូចជាការអភិរក្សបេតិកភណ្ឌ ក្នុងចំណោមវិស័យដទៃទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here