រុស្ស៊ី ចាប់ផ្ដើមដំណើរការអាជីវកម្ម McDonald’s ក្រោមឈ្មោះថ្មី និងឡូហ្គោថ្មី

0

ដោយៈសុខុម

អន្តរជាតិ: ក្រុមហ៊ុនភោជនីយដ្ឋានអាហារទាន់ចិត្ត ខ្នាតយក្ស McDonald’s បានដកខ្លួនចេញពីប្រទេសរុស្ស៊ី ដើម្បីបង្ហាញការតវ៉ាចំពោះការបញ្ឆេះសង្គ្រាមរបស់រុស្ស៊ី ចូលឈ្លានអ៊ុយក្រែន ហើយបានលក់ភោជនី​យដ្ឋានរបស់ខ្លួន ទាំងជាង៨០០ទីតាំងនៅនោះ ឱ្យទៅពាណិជ្ជករជនជាតិរុស្ស៊ី លោក Alexander Govor។

នៅទីបំផុត ភោជនីយដ្ឋានអាហារទាន់ចិត្ត ដ៏ល្បីល្បាញដែលប្ដូរម៉ាកយីហោថ្មី (Rebranding) ដំបូងគេបានចាប់ផ្ដើមបើកដំណើរការឡើងវិញហើយនៅទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ ទី១២ ខែមិថុនា ក្រោមឈ្មោះថ្មី “Vkusno i Tochka” ដែលមានន័យថា “ឈ្ងុយឆ្ងាញ់”។

ឡូហ្គោ (Logo) ចាស់ដែលមានកំណោងពណ៌មាសរាងអក្សរ “M” ត្រូវបានប្ដូរជំនួយ ដោយឡូហ្គោថ្មីរាងអក្សរ “M” ដដែល ប៉ុន្តែលេងស្ទាយប្លែកភ្នែក ដែលត្រូវបានផ្គុំឡើងដោយស្នាមចុចមូល (Dot) មួយមានពណ៌ទឹកក្រូចចាស់ និងឆ្នូត២ពណ៌លឿងចាស់។ ឆ្នូតទាំង២តំណាងឱ្យចំណិតដំឡូងបារាំងបំពង ហើយស្នាមចុចមូលតំណាងនំបឺហ្គើ។

ម្ចាស់អាជីវកម្មថ្មីនេះសង្ឃឹមថា អតិថិជននឹងមិនកត់សម្គាល់ឃើញភាពខុសគ្នាច្រើនពេកនោះទេ។ ពួកគេបានធ្វើសន្និសីទសារព័ត៌មាន ក្នុងភោជនីយដ្ឋានដ៏ល្បីល្បាញនេះ នៅទីលាន Pushkin Square ទីដែលហាង McDonald’s ដំបូងបង្អស់នៅក្រុងមូស្គូ ត្រូវបានបង្កើតឡើងកាលពី៣២ឆ្នាំមុន។

លោក Oleg Paroyev នាយកប្រតិបត្តិក្រុមហ៊ុនថ្មី Vkusno i Tochka លើកឡើងថា “គោលដៅរបស់យើងគឺធ្វើយ៉ាងណា កុំឱ្យភ្ញៀវរបស់យើងកត់សម្គាល់ឃើញភាពខុសគ្នាខ្លាំង មិនថាទាំងគុណភាពអាហារ ឬបរិយាកាស”។

ភោជនីយដ្ឋានថ្មីទាំងនេះ មានព្យួរពាក្យស្លោកថា “ប្តូរឈ្មោះថ្មី តែក្ដីស្រលាញ់នៅដដែល”។ ក្រុមហ៊ុនថ្មីនេះបានបញ្ជាក់ថា គ្រឿងផ្សំក៏ដូចជារសជាតិបឺហ្គើមិនបានផ្លាស់ប្តូរទេ ហើយឧបករណ៍របស់ McDonald’s មានទាំងប៉ុន្មានគឺនៅរក្សាទុកដដែល និយាយរួមគឺគ្មានអ្វីក្រែប្រែច្រើនទេ៕ BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here