ដោយៈសុខុម
អន្តរជាតិ: មហាយក្សចិន បានប្រកាសប្តេជ្ញាជាថ្មីថានឹង “ប្រយុទ្ធដល់ទីបំផុត” ដើម្បីរារាំងការប្រកាសឯកភាពរបស់តៃវ៉ាន់។
រដ្ឋាភិបាលចិនក៏បានព្រមានថា ការជ្រៀតជ្រែកពីបរទេស ក្នុងបញ្ហាកោះតៃវ៉ាន់ “នឹងត្រូវបរាជ័យ” ដោយធ្វើឱ្យភាពតានតឹងឡើងកម្ដៅ កាន់តែខ្លាំង ជាមួយសហរដ្ឋអាមេរិក ជុំវិញកោះស្វយ័តមួយនេះ។
លោក Wei Fenghe រដ្ឋមន្ត្រីការពារជាតិប្រទេសចិន បានថ្លែងក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី Shangri-La Dialogue កាលពីថ្ងៃអាទិត្យ ទី១២ ខែមិថុនា ថា “ប្រសិនបើនរណាម្នាក់ ហ៊ានបំបែកកោះតៃវ៉ាន់ ចេញពីប្រទេសចិន យើងនឹងប្រយុទ្ធដល់ទីបំផុត ទោះក្នុងតម្លៃណាក៏ដោយ។ នេះជាជម្រើសតែមួយគត់សម្រាប់ប្រទេសចិន”។
ឆ្លើយតបធ្ងន់ៗ ទៅនឹងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដែលបានលើកឡើងកាលពីថ្ងៃសៅរ៍ ទី១១ ខែមិថុនា លោក Wei Fenghe និយាយថា “គ្មាននរណាម្នាក់អាចមើលស្រាល ការប្ដេជ្ញាចិត្តដ៏មោះមុត និងសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធចិន នៅក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនបានជាដាច់ខាត”។
ប្រទេសមហាអំណាចទាំង២ បានផ្ទុះសង្គ្រាមពាក្យសម្ដី កាន់តែក្ដៅគគុក ជុំវិញកោះស្វយ័តកាន់លទ្ធិប្រជាធិបតេយ្យមួយនេះ ដែលមហាយក្សចិន តែងតែចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដោយរង់ចាំតែការបង្រួបបង្រួមឡើងវិញប៉ុណ្ណោះ។
ដោយនិយាយបញ្ឆិតបញ្ឆៀងឱ្យរដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន លោក Wei Fenghe លើកឡើងថា “ប្រទេសខ្លះបន្តលេងសន្លឹកបៀរ កោះតៃវ៉ាន់ ប្រឆាំងនឹងប្រទេសចិន” ដើម្បី “ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន”។
រដ្ឋមន្ត្រីការពារជាតិប្រទេសចិន រូបនេះបានប្រកាសក្ដែងៗយ៉ាងម៉ឺងម៉ាត់ថា “គ្មានអ្នកណាម្នា ក់អាចរាំងផ្លូវរបស់ប្រទេសចិន ឆ្ពោះទៅកាន់ការបង្រួបបង្រួមគ្នាឡើងវិញបានឡើយ”៕ Aljazeera៕