ដោយ គង់ សូរិយា
ភ្នំពេញ៖ គំរោងលំនៅដ្ឋានតម្លៃសមរម្យ នៃគម្រោងវិនិយោគតម្លៃ២០០លានដុល្លារនិងស្ថិតនៅលើផ្ទៃដីជាង៦០ហិកតា នឹងចាប់ផ្តើមលក់នៅថ្ងៃទី១៧ វិច្ឆិកាខាងមុខនេះហើយ។
ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនបុរី VIP លោក យ៉ែន សុខលីន នៅខេត្តព្រះសីហនុ បានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី២ វិច្ឆិកានេះថា ក្រុមហ៊ុននឹងប្រកាសលក់គំរោងលំនៅដ្ឋានតម្លៃសមរម្យនេះ ចាប់ពីថ្ងៃទី១៧ វិច្ឆិកាខាងមុខនេះហើយ ដោយលំនៅ ដ្ឋានមានតម្លៃចាប់ពីជាង២ម៉ឺនដុល្លារឡើងទៅ។ លោកបន្តថា គំរោងនេះស្ថិតនៅលើផ្ទៃដីជាង៦០ហិកតា ដែលរួមបញ្ចូលនូវផ្សារ សាលារៀន សួនកំសាន្ត និងតំបន់ឧស្សាហកម្ម ដែលនឹងមានការសាងសង់លំនៅដ្ឋានសម្រាប់កម្មករ និយោជិតស្នាក់នៅបានប្រមាណ ៥ម៉ឺននាក់។
លោកបន្តថា “យើងជឿជាក់ថាគំរោងនេះនឹងទទួលបានជោគជ័យ ដោយសារលក្ខខ័ណ្ឌបង់ប្រាក់មានភាពងាយស្រួល និងដោយសារកំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុកើនឡើង។លោកបន្តថា “ការសម្រេចចិត្តវិនិយោគគំរោងនេះ ដោយសារខេត្តព្រះសីហនុមានការរីកចម្រើនលឿន និងមានកំនើនប្រជាពលរដ្ឋកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
គំរោងនេះស្ថិតនៅស្របតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់រាម ក្រុង ខេត្តព្រះសីហនុ៕