អ្នកជំនាញ៖ ផ្លូវជាតិលេខ១០ រួមចំណែកដល់ការលើកកម្ពស់វិស័យឆ្អឹងខ្នងសំខាន់ៗចំនួនបី

0

ដោយ៖ សុផារី

កោះកុង៖ គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត ដល់កោះកុងនឹងរួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និង ទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសថៃ។

លោក ហេង តុងហៃ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តប៉ៃលិន បានមានប្រសាសន៍តាមប្រព័ន្ធតេឡេក្រាមនៅរសៀលថ្ងៃទី២៤ ខែមិថុនានេះថា តាមរយៈប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលរាជរដ្ឋាភិបាលបានកំពុងសាងសង់ នឹងជាកម្លាំងចលករក្នុងការកែប្រែមុខមាត់ខេត្តតាមបណ្តោយព្រំដែន ជាពិសេសនៅក្នុងខេត្តប៉ៃលិន ដោយផ្លូវជាតិលេខ១០នេះ នឹងធ្វើឱ្យខេត្តប៉ៃលិនកាន់តែមានទីតាំងកាន់ជិតខេត្តផ្សេងទៀតៗនៅក្នុងប្រទេសកម្ពុជា។

អ្នកជំនាញរូបនេះមានប្រសាសន៍ថា តាមរយៈផ្លូវជាតិលេខ១០នេះ វិស័យពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសថៃ នឹងមានការរីកចម្រើន ដោយសារអំណោយផលនៃផ្លូវថ្នល់មួយនេះ ។ មួយវិញទៀត វិស័យកសិកម្មក៏មានការឱកាសល្អប្រសើរក្នុងការវិនិយោគផងដែរ ក្នុងការបង្កបង្កើនផលសម្រាប់ការនាំចេញ ដោយសារដីនៅទំនេរមានច្រើន និងមានតម្លៃសមរម្យនៅឡើយ ហើយមានទីតាំងនៅជិតច្រកព្រំដែនផងដែរ។

ក្រៅពីវិស័យពាណិជ្ជកម្ម និងកសិកម្ម វិស័យទេសចរណ៍ក៏រំពឹងទទួលបានផលពីផ្លូវជាតិមួយនេះផងដែរ។ នៅក្នុងខេត្តប៉ៃលិនមានរមណីយដ្ឋានទេសចរណ៍ជាច្រើន ដូចជា ភ្នំយ៉ាត ទឹកធ្លាក់ភ្នំខៀវ ឬទឹកធ្លាក់៧ជាន់ ម្លប់សាវម៉ាវ ចម្លារខ្នុរ និងតំបន់អេកូទេសចរណ័ច្រើនទៀត។

លោកបានឱ្យដឹងថា “ផ្លូវបន្ទាត់នេះភ្ជាប់ខេត្តទិសនិរតី មកខេត្តទិសពាយ័ព្យ ដូច្នេះវាមានសារសំខាន់ណាស់សម្រាប់ទាក់ទាញទេសចរ មកទស្សនាកំសាន្តនៅក្នុងខេត្តប៉ៃលិន”។

លោកបានមានប្រសាសន៍ថា “វិស័យអចលនទ្រព្យនៅតាមបណ្តាខេត្តជាប់ព្រំដែន ជាពិសេសនៅក្នុងខេត្តប៉ៃលិន នឹងមានសកម្មភាពដោះដូរ នឹងមមាញឹកជាងមុន ហើយក៏មានតម្លៃប្រសើរទ្វេគុណជាងមុនដែរ ដោយហេតុថា បច្ចុប្បន្នហាងឆេងអចលនទ្រព្យនៅមានតម្លៃល្អប្រសើរនៅឡើយ ពិសេសនៅមានដីជាច្រើននៅទូលាយ ងាយស្រួលក្នុងការអភិវឌ្ឍន៍”។

លោក ស៊ុន ចាន់ថុល កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ បានមានប្រសាសន៍ឱ្យដឹងថា ផ្លូវនេះគឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា ដែលអាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។

លោក ស៊ុន ចាន់ថុល ឱ្យដឹងទៀតថា ផ្លូវជាតិមួយខ្សែនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជាផ្នែកមួយទាក់ទាញអ្នកទេសចរ ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិ ជាច្រើន ជាពិសេសព្រៃឈើក្រាស់ៗយ៉ាងស្រស់ស្អាត។

គម្រោងសាងសង់ផ្លូវជាតិលេខ១០ លាតសន្ធឹងកាត់ខេត្តកោះកុង ពោធិ៍សាត់ រហូតដល់ខេត្តបាត់ដំបង មានប្រវែងសរុបចំនួន១៩៧,៣៣ គីឡូម៉ែត្រ រហូតមកទល់នឹងពេលនេះ សម្រេចបាន៦៤,៣៣% ហើយ។ គម្រោងផ្លូវនេះគ្រោងចំណាយថវិកាសរុបប្រមាណជាង២៤០លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអានហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here