ដោយ សុខុម
ប៉េកាំង: ទីក្រុងមួយនៅប្រទេសចិន ភាគខាងត្បូងកំពុងបញ្ជូនមន្ត្រីទៅកាន់ភូមិឋានក្បែរៗខាងដើម្បីទាក់ទាញអ្នកភូមិឱ្យចាប់អារម្មណ៍ទិញផ្ទះដែលលក់មិនចេញរបស់ខ្លួន ដោយសន្យាជួយរកការងារឱ្យធ្វើសម្រាប់អ្នកដែលទិញអាផាតម៉ិនមួយយូនីត។
នេះឆ្លុះបញ្ចាំងពីវិបត្តិអចលនទ្រព្យកាន់តែធ្ងន់ធ្ងរទៅៗ ដែលកំពុងវាយប្រហារទីក្រុងតូចៗក្នុងប្រទេសចិន ក្រោយផ្ទុះវិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ របស់ប្រទេសចិន China Evergrande Group ដែលជំពាក់បំណុលជាង៣០០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៧ ខែមិថុនា។
កាសែត The Economic Observer បានចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ថា ទីក្រុងយូលីន (Yulin) ដែលមានប្រជាជនរស់នៅប្រមាណ៥,៨លាននាក់ និងដែលល្បីល្បាញដោយសារពិធីបុណ្យហូបសាច់ឆ្កែប្រចាំឆ្នាំរបស់ខ្លួន សន្យាជាមួយអ្នកទិញផ្ទះរបស់ខ្លួនថានឹងជួយផ្ដល់ជម្រើសការងារលើសពី៣។ ទន្ទឹមនេះ អ្នកទិញផ្ទះដំបូងក៏នឹងទទួលបានការឧបត្ថម្ភធនផងដែរ។
ទោះជាយ៉ាងណា មន្ត្រីរដ្ឋបាលក្រុងយូលីន មិនអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញកម្មវិធីប្រូម៉ូសិនដ៏ចម្លែកនេះ។
កាសែតនេះនិយាយថា រដ្ឋបាលក្រុងយូលីន សង្ឃឹមថានឹងលក់ផ្ទះឱ្យទៅអ្នកភូមិបានចំនួន៨.០០០យូនីតនៅឆ្នាំនេះ។
ប៉ុន្តែប្រជាជនរស់នៅតាមជនបទក្នុងតំបន់ស្វយ័តគ័ងស៊ី (Guangxi) រួមទាំងយូលីន ផងដែរ រកប្រាក់ចំណូលជាមធ្យមរកបានតែប្រហែល៥.០០០យ័ន (៧៤៨ដុល្លារអាមេរិក) ប៉ុណ្ណោះក្នុងមួយឆ្នាំ ពោលគឺតិចជាងពាក់កណ្ដាលបើធៀបនឹងប្រាក់ចំណូលដែលប្រជាជនក្នុងក្រុងរកបាន។ នេះបើយោងតាមស្ថិតិផ្លូវការបង្ហាញ។
លើសពីនេះ មន្ត្រីរាជការក្នុងក្រុងយូលីន ក៏ត្រូវបានណែនាំឱ្យជួយបញ្ចុះបញ្ចូលសាច់ញាតិ និងមិត្តភ័ក្តិរបស់ពួកគេជួយទិញផ្ទះផងដែរដើម្បីឱ្យគ្រប់ចំនួនតាមគោលដៅកំណត់។
មិនមែនមានតែក្រុងយូលីន មួយនោះទេដែលបានចាត់វិធានការដ៏ចម្លែកៗបែបនេះដើម្បីទាក់ទាញអ្នកទិញផ្ទះ។ នៅក្នុងទីក្រុងមួយនៃខេត្តហឺណាន (Henan) ភាគកណ្តាលប្រទេសចិន ក្រុមហ៊ុនអភិវឌ្ឍន៍មួយសុខចិត្តទទួលយកស្រូវសាលីជាប្រាក់កក់ (Down Payment) សម្រាប់ការទិញផ្ទះបង់រំលស់ដើម្បីទាក់ទាញកសិករ៕