ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រុមអ្នកជំនាញបាននិយាយថា សន្ទស្សន៍តម្លៃលំនៅឋាន (Residential Property Price Index=RPPI) ដែលទើបត្រូវបានរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការ កាលពីពេលថ្មីៗនេះ នឹងជួយឱ្យកម្ពុជាអាចគ្រប់គ្រងការកើនតម្លៃ លំនៅឋានមានមួយកម្រិត ហើយក៏អាចជួយប្រជាជនឱ្យមានលទ្ធភាពមានលំនៅឋានផ្ទាល់ខ្លួនផងដែរ។
ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានជាតិនៃក្រសួងផែនការ កាលពីថ្ងៃទី ៦ ខែមិថុនា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ សន្ទស្សន៍ថ្លៃលំនៅឋានដែលជាការចងក្រងស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់បម្រើដល់ការវិភាគ និងវាយតម្លៃដំណើរការសេដ្ឋកិច្ច ជាពិសេសវិស័យអចលនទ្រព្យ និងសំណង់ដែលកំពុងរីកចម្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកស្រី Grace Rachny Fong អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បានមានប្រសាសន៍ឲ្យដឹងថា សន្ទស្សន៍ថ្លៃលំនៅឋាន គឺជាបណ្តុំនៃរបាយការណ៍ព័ត៌មាន និងស្ថិតិដែលត្រូវបានរៀបចំឡើង ដោយរដ្ឋាភិបាលឈរលើមូលដ្ឋាន នៃការប្រមូលទិន្នន័យច្បាស់លាស់ និងមានការវិភាគលក្ខណៈជាផ្លូវការ ដើម្បីឱ្យអាចទទួលយកបានពីគ្រប់មជ្ឈដ្ឋាន។
លោកស្រីបញ្ជាក់ថា “សន្ទស្សន៍ថ្លៃលំនៅដ្ឋាន នឹងផ្តល់នូវគុណប្រយោជន៍ដល់កំណើនការបញ្ជាទិញ លក់ ព្រោះវាអាចជួយឱ្យអ្នកទិញ និងអ្នកលក់មានភាពងាយស្រួល ក្នុងការពិចារណាលើតម្លៃ ពិសេសវាក៏ជួយឱ្យវិនិយោគិនបរទេស ដែលចង់មកវិនិយោគនៅកម្ពុជា មានភាពងាយស្រួលក្នុងការស្វែងរកព័ត៌មានពីតម្លៃលំនៅឋាន និងអចលនទ្រព្យទៅតាមតំបន់ ដែលពួកគេចង់បាន”។លោកស្រីបន្ថែមថា “នេះជាការកសាងទំនុកចិត្តមួយផ្នែក សម្រាប់វិនិយោគិនបរទេស ដែលមានបំណងចូលមកវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះ អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia លោកស្រី អាន សុធីតា បាននិយាយថា ជាទូទៅរាល់ប្រតិបត្តិការទិញ-លក់ និងការកំណត់តម្លៃលំនៅឋាន ឬអចលនទ្រព្យនៅកម្ពុជា គឺមិនមានភាពច្បាស់លាស់ និងការកត់ត្រាជាផ្លូវការឡើយ។ ហេតុនេះ ការដាក់ឱ្យដំណើរការសន្ទស្សន៍តម្លៃលំនៅឋាននេះ អាចចាត់ទុកជាការចាប់ផ្តើមដ៏ល្អ ដើម្បីអាចយកធ្វើជាមូលដ្ឋានសម្រាប់វាស់វែង ការឡើងចុះនៃតម្លៃលំនៅឋានឱ្យមានស្តង់ដាត្រឹមត្រូវ។
លោកស្រីបន្តថា “តាមរយៈសន្ទស្សន៍តម្លៃលំនៅឋាន ដែលដាក់ឱ្យអនុវត្តនៅពេលនេះ វានឹងជួយឱ្យអាជ្ញាធរអាចជួយអន្តរាគមន៍ ឬគ្រប់គ្រងវិស័យអចលនទ្រព្យបានល្អជាងមុនផងដែរ ព្រោះមិនមែនឱ្យតែតម្លៃលំនៅឋាន ឬអចលនទ្រព្យឡើងល្អនោះទេ ដោយវាអាចនឹងបណ្តាលឱ្យមានអតិផរណា ការធ្លាក់ចុះការវិនិយោគ កំណើននៃប្រជាជនគ្មានលំនៅឋាន និងធ្ងន់ធ្ងរអាចធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ច។
បន្ថែមពីលើនេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា សន្ទ ស្សន៍ថ្លៃលំនៅឋាន នឹងក្លាយជាឧបករណ៍ (Tool) មួយសម្រាប់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ យកទៅធ្វើឱ្យការវាយតម្លៃលំនៅឋាន កាន់តែមានភាពសុក្រឹត ខណៈរដ្ឋាភិបាល ក៏អាចយកវាមកធ្វើជាមូលដ្ឋាន ក្នុងការរៀបចំគោលនយោបាយ ឬផែនការមេ ដើម្បីគ្រប់គ្រងវិស័យអចលនទ្រព្យ។
លោកបន្តថា “នៅពេលមាន “សន្ទស្សន៍ថ្លៃលំនៅឋាន” វាមិនត្រឹមតែបង្កភាពងាយស្រួលសម្រាប់ប្រតិបត្តិការទិញ -លក់ក្នុងស្រុកប៉ុណ្ណោះទេ តែវាថែមទាំងជួយទាក់ទាញវិនិយោគិន ក្រៅស្រុកឱ្យចូលមកវិនិយោគនៅកម្ពុជា តាមរយៈការទទួលបានព័ត៌មានដែលមានលក្ខណៈផ្លូវការ”៕