ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ការមិនទាន់ផុតរលត់នៃវិបត្តិជំងឺកូវីដ១៩ ការកើនឡើងថ្លៃប្រេងឥន្ឋនៈ សម្ភារៈសំណង់បណ្តាលមកពីសង្រ្គាមរុស្ស៊ី អ៊ុយក្រែនទំនងមិនជាជាហេតុផលគ្រប់គ្រាន់ទេ ដែលធ្វើឲ្យវិស័យសំណង់ងើបឡើងយឺត។
លំហូរចូលនៃវិនិយោគិនបរទេសពីប្រទេសចិន ដោយសារការរឹតបន្តឹងលំហូរទុនវិនិយោគ គោលនយោបាយកូវីដសូន្យ និងវិបត្តិអចលនទ្រព្យនៅប្រទេសសេដ្ឋកិច្ចធំទី២លើពិភពលោកនេះ ក៏ជាមូលហេតុចម្បងធ្វើឲ្យវិស័យនេះងើបឡើងក្នុងល្បឿនយឺតៗផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២២ គម្រោងសំណង់ដែលទទួលបានការអនុម័តមានសរុប១,០០១គម្រោង ធ្លាក់ចុះ៦,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន
ល្បឿនយឺតយ៉ាវនេះ គឺគ្របដណ្តប់គ្រប់់ទិដ្ឋភាពសាងសង់សំណង់ដូចជា សំណង់សាធារណៈ សំណង់លំនៅឋាន ភូមិគ្រឹះ សំណង់ពាណិជ្ជកម្ម សំណង់ឧស្សាហកម្ម និងសំណងស់ទេសចរណ៍ជាដើម។
ក្រសួងសេដ្ឋកិច្ចរំពឹងថា វិស័យសំណង់អាចនឹងងើបឡើងវិញ ក្នុងអត្រា២,៨ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំនេះនិងរំពឹងកើនខ្ពស់ជាងនេះ នៅឆ្នាំបន្ទាប់ខាងមុខ។
យ៉ាងណាក៏ដោយ វិស័យសំណង់ក៏នៅតែមានសក្ដានុពល សម្រាប់ជម្រុញកំណើនសេដ្ឋកិច្ចផងដែរ ដោយកំណើនឥណទានផ្ដល់ឱ្យវិស័យនេះ មានទំហំទឹកប្រាក់១៣,៧ពាន់លានដុល្លារ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្មីៗនេះ បានកែប្រែខ្លឹមសារមួយចំនួននៃបែបបទ ក្នុងការផ្ដល់លិខិតអនុញ្ញាតសាងសង់ ដើម្បីសម្រួលដល់នីតិវីធីស្នើសុំលិខិតអនុញ្ញាតសាងសង់។
អ្នកជំនាញអន្តរជាតិ លោកTom Osuliivanនាយកប្រតិបត្តិគេហទំព័រ ដែលផ្តល់សេវាកម្មទិញលក់អចលនទ្រព្យពីកម្ពុជា ទៅកាន់ពិភពលោកRealestate.com.khបានមានប្រសាសន៍ថា បើទោះជាវិស័យនេះងើបឡើងយឺតបន្តិចក្តី ប៉ុន្តែស្ថានភាពទីផ្សារក្នុងឧស្សាហកម្មនេះ នៅតែមានភាពរ៉ឹងមាំ ធៀបជាមួយនឹងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន។
លោកបន្តថា “កម្ពុជានៅតែជាប្រទេសទាក់ទាញ ការវិនិយោគច្រើនពីបរទេស ដោយសារពួកគេអាចរកប្រាក់ចំណេញពីទីនេះ ខុសពីប្រទេសមួយចំនួន អ្នកទិញអចលនទ្រព្យគឺផ្តោតសំខាន់តែលើការស្នាក់នៅ”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងផងដែរថា កម្ពុជានៅតែទទួលបានផលចំណេញពីការវិនិយោគខ្ពស់ បើធៀបនឹងប្រទេសដទៃក្នុងតំបន់ ហេតុនេះវិស័យនេះ នឹងងើបឡើងវិញលឿននាពេលខាងមុខ ព្រោះតម្លៃអចលនទ្រព្យនៅទីនេះទាប ធៀបនឹងប្រទេសក្នុងតំបន់ ការគាំទ្រគោលនយោបាយពីរដ្ឋាភិបាល និងការលើកទឹកចិត្តជាច្រើនទៀត កម្ពុជានៅតែជាដែនដីដែលបន្តទាក់ទាញ។
លោកបន្តថា “ដោយសារយើងជាប្រទេសកំពុងអភិវឌ្ឍន៍ ដីធ្លីនៅមានតម្លៃទាប កំលាំងពលកម្មនៅមានតម្លៃទាប ប្រជាជនវ័យក្មេងច្រើន ការចាយវាយប្រាក់ដុល្លារយ៉ាងទូលំទូលាយ ជាហេតុផលសំខាន់ដែលធ្វើឲ្យវិស័យនេះនឹងងើបឡើងវិញក្នុងរយៈពេលវែងបន្តទៀត”៕