ទីក្រុងរាមតម្លៃ១៦ពាន់លានដុល្លារដំណាក់កាលទី១នឹងសាងសង់លើផ្ទៃដី៥០ហិកតា

0

ដោយៈ ជេស៊ីកា

ព្រះសីហនុៈ ទីក្រុងរាមដែលមានផ្ទៃដី៨៨០ហិកតា និងគ្រោងបោះទុន​វិនិយោគតម្លៃ១៦ពាន់លានដុល្លារ ដោយក្រុមហ៊ុនPrince Holding Group បាននិងកំពុងចាក់បំពេញខ្សាច់ និងត្រៀមបញ្ចប់ដំណាក់កាលទី១។

គំរោងដែលបាន និងកំពុងចាក់ខ្សាច់ដំណាក់កាលទី១នេះ មានទំហំផ្ទៃដីសរុប៥០ហិកតា ដែលទីក្រុងនេះត្រូវបានចាក់ខ្សាច់បំពេញ នៅលើផ្ទៃសមុទ្រ ក្នុងតំបន់រាម ដែលជាទីតាំងមួយ ស្ថិតនៅក្បែរព្រលានយន្តហោះអន្តរជាតិកងកេង ក្រុងព្រះសីហនុ។

ស្ថាបត្យករលំដាប់អន្តរជាតិមួយរូប បានមានប្រសាសន៍ឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ ដោយសារជាកិច្ចការផ្ទៃក្នុងរបស់ក្រុមហ៊ុនបានឲ្យដឹងកាលពីសប្តាហ៍មុនថា ការចាក់ខ្សាច់បំពេញផ្ទៃដីទីក្រុងនេះ បាននិងកំពុងបន្តធ្វើយ៉ាងសកម្ម ដោយជំហ៊ានដំបូងក្រុមហ៊ុន នឹងធ្វើការអភិវឌ្ឍ​លើផ្ទៃដីក្នុងទំហំនេះជាមុនសិន ប៉ុន្តែការចាក់ខ្សាច់បំពេញគំរោងដំណាក់កាលបន្ទាប់នៅតែបន្តធ្វើ។

លោកបន្តថា “ខ្ញុំមិនអាចនិយាយបានថា តើគំរោងនេះនឹងអភិវឌ្ឍន៍អ្វីខ្លះនោះទេ ដោយសារវាជារឿងសំងាត់នៅឡើយ”។

យោងតាមផែនការមេរបស់ក្រុមហ៊ុនPrince Holding Groupបាន ឲ្យដឹងកន្លងមកថា ទីក្រុងរាមនឹងសាងសង់ឡើង ជាទីក្រុងលំដាប់អន្តរជាតិ ដែលអាចឲ្យប្រជាពលរដ្ឋរស់នៅរាប់ម៉ឺននាក់ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ឋដ៏សម្បូរបែប ស័ក្តិសមជាទីក្រុងដ៏ស៊ីវិល័យមួយនាពេលអនាគត ដែលមិនត្រឹមតែទាក់ទាញ លំហូរទុនវិនិយោគពីបរទេសនោះទេ ប៉ុន្តែវានឹងក្លាយជាទីតាំងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកកំសាន្ត​និងស្នាក់នៅរយៈពេលវែងនៅកម្ពុជាផងដែរ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យធ្លាប់បានមានប្រសាសន៍ឲ្យដឹងកន្លងមកថា តាមអ្វីដែលលោកបានដឹង និងទទួលព៌តមានគឺគំរោងនេះបាន និងកំពុងបន្តវិវត្តន៍ទៅមុខយ៉ាងប្រសើរ ព្រោះក្រុមហ៊ុន វិនិយោគសាងសង់ទីក្រុងនេះ មិនប្រឈមបញ្ហាកង្វះទុនវិនិយោគឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here