ក្រុងបាវិតរង់ចាំវត្តមានផ្លូវល្បឿនលឿន ខណៈបច្ចុប្បន្នទីផ្សារនៅតែពឹងលើអ្នកវិនិយោគក្នុងស្រុក

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ សកម្មភាពវិនិយោគនៅក្រុងបាវិត នៃខេត្តស្វាយរៀងត្រូវបានមើលឃើញថា ចាប់ផ្ដើមមានសកម្មភាពអភិវឌ្ឍន៍ឡើងវិញ ប៉ុន្តែភាគច្រើននៃវិនិយោគិននៅក្នុងតំបន់នោះ គឺជាអ្នកស្រុកដោយមិនទាន់មានវិនិយោគិ​នបរទស ចូលទៅកាន់តំបន់នោះដើម្បីវិនិយោគនៅឡើយ។

ជាទីក្រុងមួយ ក្នុងចំណោមបីដែលបានដាក់បញ្ចូល ក្នុងគោលនយោ​បាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ទទួលបានការវិនិយោគតិចជាងគេ ធៀបនឹងក្រុងពីរទៀតគឺក្រុងព្រះសីហនុ និងក្រុងបាវិត ប៉ុន្តែវត្តមានផ្លូវល្បឿនលឿន ដែលនឹងសាងសង់ឡើងនៅពេលខាងមុខ នឹងជម្រុញល្បឿននៃការអភិវឌ្ឈទីក្រុងតូចច្រឡឹងនេះ ទៅកាន់លំដាប់ថ្មីមួយទៀត។

លោកថា ថេង ប្រធានក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តស្វាយរៀងបានមានប្រសាសន៍ ឲ្យដឹងតាមទូរសព្ទកាលពីថ្ងៃទី៤ កក្កដាថា តាមការសង្កេតជាក់ស្ដែង នៅក្រុងបាវិតនាពេលនេះ ចាប់ផ្ដើមមានកម្មភាពវិនិយោគឡើងវិញបណ្តើរៗ ក្រោយពីស្ងប់ស្ងាត់អស់ពេលជាយូរ ពោលគឺក្រោយពេលការចាកចេញរបស់ចិន បន្ទាប់ពីរដ្ឋាភិបាលប្រកាសបិទហ្គេមអនឡាញ។

លោកបន្តថា “យ៉ាងណាក្ដីក្នុងចំណោមអ្នកវិនិយោគ នៅក្នុងបាវិតនាពេលបច្ចុប្បន្ននេះ ក៏មានតែវិនិយោគិនក្នុងស្រុកប៉ុណ្ណោះ ខណៈបរទេសលោកមិនទាន់ឃើញ មានចូលមកកាន់តំបន់នេះ ដើម្បីបណ្ដាក់ទុនវិនិយោគឡើងវិញនៅឡើយទេ ទើបធ្វើឱ្យការវិនិយោគនៅក្នុងតំបន់នេះ នៅមានសកម្មភាពយឺតយ៉ាវជាងពីមុនកូវីដ១៩ និងមុនពេលចិនចាកចេញ”។

លោកថា ថេងបន្ថែមថា ក្នុងរយៈពេល៦ខែក្នុងឆ្នាំ២០២២នេះ មានវិនិយោគិនក្នុងស្រុកជាច្រើន បានសិក្សាស្វែងយល់ពីតម្លៃ និងហាងឆេងដីធ្លីនៅក្រុងបាវិតច្រើន និងមានភ្ញៀវដែលចង់បណ្ដាក់ទុន នៅក្រុងបាវិតហ្នឹងច្រើន ប៉ុន្តែវាមិនទាន់ប្រាកដប្រជានៅឡើយទេ វាគ្រាន់តែជាការសួរនាំព័ត៌មាន។

លោកបន្តថា “គម្រោងនៅបាវិតបច្ចុប្បន្ននេះ មានជាការសាងសង់ផ្ទះល្វែង និងគម្រោងតូចៗនិងមានសន្ទុះតិចតួច មិនទាន់ខ្លាំងប៉ុន្មាននោះទេ តែយើងជឿថា នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយបាវិត នឹងទទួលបានការវិនិយោគច្រើនឡើងវិញ ”។

ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យKW Cambodia បានលើកឡើងផងដែរថា ទីក្រុងបីដែលមើលឃើញថា ទទួលរងផលប៉ះពាល់ពីវិបត្តិពីរកន្លងមកនោះ មានក្រុងបាវិត ក្រុងប៉ោយប៉ែត និងក្រុងព្រះសីហនុ តែវាមិនបានធ្វើឱ្យសកម្មភាពត្រូវផ្អាកទាំងស្រុងឡើយ គឺនៅតែមានដំណើរការ តែដើម្បីឱ្យស្ដារបានដូចដើមវិញគឺត្រូវការពេលវេលាបន្តិច ។

លោកបន្តថា “មកដល់ពេលនេះវិស័យដីធ្លី នៅក្នុងប្រទេសកម្ពុជាក៏ចាប់ផ្ដើមដល់ពេលវេលា ដែលមានកំណើន និងសន្ទុះឡើងវិញហើយដែរ ដោយយើងឃើញមានអ្នកវិនិយោគជាច្រើន ចាប់ផ្ដើមបញ្ចេញសកម្មភាពក្នុងការស្វែងរកដីធ្លីដើម្បីវិនិយោគនិងអភិវឌ្ឍន៍”៕

LEAVE A REPLY

Please enter your comment!
Please enter your name here