សម្តេចតេជោ៖ កម្ពុជា-ឡាវគប្បីដាក់ចេញនយោបាយជួយគ្នានិងបំពេញឱ្យគ្នាដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ

0

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថាកម្ពុជានិងឡាវគប្បីដាក់ចេញនយោបាយជួយគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះក្នុងពេលអនុញ្ញាតឱ្យលោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។

លោក សាលើមសៃ គុំម៉ាស៊ីត អញ្ជើញមកកាន់ប្រទេសកម្ពុជានាពេលនេះ ដើម្បីធ្វើជាសហប្រធានជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា និងឡាវ។ កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់មួយក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និងឡាវ។

នៅមុនកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា និងឡាវចាប់ផ្តើមនោះ លោក បានគោរពសុំអនុសាសន៍ណែនាំពីសម្ដេចតេជោ ធ្វើយ៉ាងណាឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើងថែមទៀត។

តបតាមសំណើនេះ ទើបសម្តេចតេជោ បានចង្អុលបង្ហាញថា កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឡាវ គប្បីរួមគ្នាវាយតម្លៃ និងដាក់ចេញនូវនយោបាយជួយគ្នាទៅវិញទៅមក និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។

បើតាមលោក អ៊ាង សុផល្លែ ជំនួយការសម្ដេចតេជោ បានឱ្យដឹងថា លោក សាលើមសៃ បានគោរពនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកប្រធានាធិបតី និងនាយករដ្ឋមន្ត្រីឡាវ ជូនដល់សម្ដេចតេជោ ហើយបានសម្ដែងការអបអរសាទរជូនសម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមក។ លទ្ធផលនៃការបោះឆ្នោត គឺឆ្លុះបញ្ចាំងនូវជំនឿចិត្តរបស់ប្រជាជនលើការដឹកនាំនយោបាយដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ។

លោក សាលើមសៃ ក៏បានសម្ដែងនូវការអបអរសាទរជូនសម្ដេចតេជោ ដែលដឹកនាំអាស៊ាន ទទួលបានជោគជ័យ ហើយប្រទេសឡាវ ប្ដេជ្ញាគាំទ្រកម្ពុជា ក្នុងការដឹកនាំជាប្រធានអាស៊ាន ជាពិសេសវិធានការរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាប្រទេសមីយ៉ាន់ម៉ា។

ក្នុងឱកាសនោះដែរ លោក សាលើមសៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោ រាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តជួយដល់ប្រទេសឡាវ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងវិស័យដទៃទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here