ដោយ៖ សូរិយា
ភ្នំពេញ៖ ប្រភពព័ត៌មាន ដែលគួរឱ្យទុកចិត្តបាន បានបង្ហើបឲ្យដឹងថា ផ្សារទំនើប BigC ធំមួយ នឹងបង្ហាញខ្លួននៅលើមហាវិថីហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានគួរឱ្យទុកចិត្ដបានទទួលព័ត៌មានពីថ្នាក់ដឹកនាំធំមួយ នៃក្រុមហ៊ុនលំដាប់យក្សរបស់ថៃ ដោយបានបង្ហើបព័ត៌មានឱ្យដឹង កាលពីម្សិលមិញនេះ។
លោកបានបន្តថា ក្រុមហ៊ុនថៃ BigC បាននិងកំពុងពង្រីកមហិច្ឆតាកាន់តែធំ ដើម្បីចាប់យកទីផ្សារលក់រាយ នៅក្នុងប្រទេសកម្ពុជា ហេតុនេះហើយទើបក្រុមហ៊ុនបានកំពុងពង្រីកទីតាំងជាបន្តបន្ទាប់ និងកាន់តែច្រើនថែមទៀត នាពេលខាងមុខ សម្រាប់រាជធានីភ្នំពេញ និងតាមបណ្តាខេត្តសក្តានុពលសេដ្ឋកិច្ចធំៗនៅកម្ពុជា។
បច្ចុប្បន្ន ទីតាំងរបស់ផ្សារទំនើប BigC នេះ បាននិងកំពុងព័ទ្ធរបង ដើម្បីត្រៀមនឹងបើកការដ្ឋានសាងសង់នាពេលឆាប់ៗនេះ។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនធំៗ របស់ប្រទេសថៃបានពង្រីកទីផ្សារមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើសកម្មភាពពាណិជ្ជកម្ម និងចាប់យកចំណែកទីផ្សារ ពីកំណើននៃអំណាចបញ្ជាទិញរបស់ប្រជាជនកម្ពុជា បន្ទាប់ពីប្រទេសមួយនេះបានក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៦កន្លងមក។
ផ្សារទំនើប ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា រួមមាន ផ្សារទំនើប 7-Eleven ផ្សារទំនើប BigC ហាងកាហ្វេ Amazon និងប្រេនល្បីៗជាច្រើនទៀត បានចូលមកកាន់កម្ពុជា៕