ដោយៈ សុខុម
ហុងកុង: ក្រុមអ្នកវិភាគលើកឡើងថា បណ្ដាធនាគារចិន នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីអាជីវកម្មកម្ចីទិញផ្ទះ ខណៈអ្នកទិញផ្ទះកាន់តែច្រើនឡើងកំពុងគំរាមឈប់បង់ប្រាក់កម្ចីទិញផ្ទះ សម្រាប់គម្រោងលំនៅដ្ឋានដែលសង់មិនទាន់រួច។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី១៤ ខែកក្កដា។
ក្រុមអ្នកវិភាគប៉ាន់ប្រមាណថា អនុបាតកម្ចីទិញផ្ទះដែលខូច ឬទារវិញមិនបាន អាចនឹងកើនឡើងពី៣ទៅ៥ខ្ទង់ ប្រសិនបើក្រុមអ្នកទិញផ្ទះឈប់បង់ប្រាក់កម្ចីទិញផ្ទះ ហើយថាការតវ៉ារបស់ពួកគេ នឹងបន្ថែមសម្ពាធកាន់តែខ្លាំង មកលើហានិភ័យរបស់បណ្ដាធនាគារ នៅក្នុងវិស័យអចលនទ្រព្យ ដែលកំពុងជួបវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ។
ការតវ៉ារបស់ក្រុមអ្នកទិញផ្ទះ ដែលរីកកាន់តែធំនៅក្នុងប្រទេសចិន បានធ្វើឱ្យវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលគ្របដណ្ដប់១ភាគ៤នៃសេដ្ឋកិច្ច ធ្លាក់ចូលក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរ ហើយបណ្ដាធនាគារបានខាតបង់យ៉ាងច្រើន សន្ធឹកសន្ធាប់ក្នុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២នេះ នៅពេលក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើន បានខកខានកាតព្វកិច្ចទូទាត់បំណុលរបស់ខ្លួនជាបន្តបន្ទាប់។
វិនិយោគិនចិន ជាច្រើនបានសម្រុកលក់ចេញ ភាគហ៊ុនធនាគារ និងភាគហ៊ុនអចលនទ្រព្យ កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ដោយបារម្ភថា បញ្ហាដែលរីកកាន់តែធំ នៅក្នុងវិស័យអចលនទ្រព្យចិន នឹងចាប់ផ្តើមជះផលប៉ះពាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុប្រទេសនេះ។
ជាលទ្ធផលសន្ទស្សន៍ផ្សារហ៊ុនធនាគារ CSI300 Bank Index បានធ្លាក់ចុះដល់ទៅ៣,៣%។
ធនាគារអូស្ត្រាលីANZ បានលើកឡើងក្នុងរបាយការណ៍មួយថា ប្រាក់កម្ចីទិញផ្ទះ មានទំហំរហូតដល់ទៅ២២០ពាន់លានដុល្លារអាមេរិក ជាប់ពាក់ព័ន្ធ នឹងគម្រោងលំនៅដ្ឋាន ដែលសាងសង់មិនទាន់រួច នៅក្នុងប្រទេសចិន។ នោះជាហានិភ័យដ៏ធំសម្បើមមួយ ប្រសិនបើការតវ៉ារបស់ក្រុមអ្នកទិញផ្ទះ ដែលបច្ចុប្បន្នកំពុងផ្តោតតែទៅលើបណ្ដា ទីក្រុងភាគកណ្តាលរបស់ចិន រីកកាន់តែធំ។
យោងតាមក្រុមអ្នកវិភាគ និងប្រព័ន្ធផ្សព្វផ្សាយឱ្យដឹងថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ ដែលពាក់ព័ន្ធក្នុងគម្រោង ដែលសាងស់មិនទាន់រួចទាំងនោះរួមមានទាំងក្រុមហ៊ុន China Evergrande Group និងក្រុមហ៊ុន Sinic Holdings ផងដែរ៕ Reuters៕