ដោយ គង់ សូរិយា
ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ ដែលបោះទុនវិនិយោគរហូតដល់៥០០លានដុល្លារអាមេរិក The PeAk នឹងបញ្ចប់ការសាងសង់ព្រមទាំងដាក់ឲ្យដំណើរការនៅឆ្នាំ២០២០ខាងមុខនេះ។
គំរោងនេះមិនត្រឹមតែជាខុនដូប្រណីតទេ តែមានសណ្ឋាគារ Shangri_La ការិយាល័យលំដាប់ផ្កាយ៥ ផ្សារទំនើបលំដាប់អន្តរជាតិ និងសេវាកម្មអាផាតម៉ិនពិសេសផងដែរ។
នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន FURI Real Estate ដែលជាក្រុមហ៊ុនបានទិញអាគារការិយាល័យក្នុងគំរោងនេះ កញ្ញាលឹម សុខាដាវីនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងនេះបាននិងកំពុងសាងសង់យ៉ាងសកម្ម ដោយធ្វើទាំងយប់ទាំងថ្ងៃ ជាលទ្ឋផលគឺមួយអាទិត្យក្រុមហ៊ុនសាងសង់ អាចសាងសង់ឡើងមួយជាន់បានក្នុងមួយអាទិត្យ។
កញ្ញាបន្តថា “រហូតមកទល់ពេលនេះ គំរោងនេះសាងសង់បានដល់ជាន់ទី៣១ហើយ ខណៈគំរោងនេះគ្រោងបញ្ចប់នៅឆ្នាំ២០២០ខាងមុខនេះ។
កញ្ញាបន្តថា “គំរោងនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលរួមមានខុនដូជាង១១០០យូនីត ផ្សារទំនើប សណ្ឋាគារ Shangri_La កម្រិតផ្កាយ៥លំដាប់អន្តរជាតិ អាងហែលទឹក និងអាគារការិយាល័យកម្រិតផ្កាយ៥ Plus ផងដែរ។
The PeAk ជាគំរោងអភិវឌ្ឍន៍រួមគ្នាដោយក្រុមហ៊ុន World Bridge Land និងក្រុមហ៊ុនOxley Holding ដែលមានមូលដ្ឋាននៅប្រទេសឹង្ហបុរី។
លោកឧកញ៉ាសៀ រិទ្ឋីប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន World Bridge Land ធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា រហូតមកទល់ពេលនេះការលក់របស់យើងបានសម្រេចគោលដៅហើយ ដោយយើងផ្តោតអតិថិជនជាជនជាតិខ្មែរជាអាទិភាព។លោកបន្តថា គំរោងរបស់លោកតែងតែទទួលបានជោគជ័យ ព្រោះបើមិនជោគជ័យយើងមិនធ្វើនោះទេ។
លោកបន្តថា “ការសាងសង់ខុនដូត្រូវផ្តោតលើទីតាំង ទីតាំង និងទីតាំង ហើយយើងអាចផ្តល់ជូនអតិថិជននូវសេវាកម្មចម្រុះ ដែលអាចឲ្យពួកគេអាចរកសេវាកម្មចាំបាច់បាននៅក្នុងអាគារដែលពួកគេស្នាក់នៅ។ លោកបន្តថា “ជាក់ស្តែងគំរោង The PeAk ត្រូវបានអភិវឌ្ឍន៍តាមទស្សនទានថ្មី ដោយមានស្ទើរគ្រប់សេវាកម្មនៅទីនេះ ដែលមានទាំងផ្សារទំនើប ក្លឹបហាត់ប្រាណ ការិយាល័យធ្វើការ និងសណ្ឋាគារជាដើម។
គំរោង The PeAk ស្ថិតនៅក្បែរកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ៕