ដោយៈ សុខុម
ញូវយ៉ក: អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានធ្វើការថ្កោលទោសធ្ងន់ៗ ចំពោះភាពលោភលន់ឥតអៀនខ្មាសរបស់បណ្ដាក្រុមហ៊ុនប្រេង និងឧស្ម័ន ក្នុងគ្រាដែលពិភពលោកកំពុងជួបវិបត្តិធ្ងន់ធ្ងរ ហើយបានព្រមានឱ្យក្រុមហ៊ុនទាំងនោះត្រៀមខ្លួនប្រឈមនឹងពន្ធពិសេស។
ការអត្ថាធិប្បាយរបស់ប្រមុខ អង្គការសហប្រជាជតិរូបនេះធ្វើឡើង ខណៈការឡើងថ្លៃថាមពលយ៉ាងគំហុក ដែលបង្កឡើងដោយសារសង្គ្រាមរុ ស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន បានធ្វើឱ្យក្រុមហ៊ុនទាំងនោះ ទទួលបានប្រាក់ចំណេញកប់ក្ដោង មិនធ្លាប់មានជាប្រវត្តិសាស្ត្រ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហានេះ។
លោក Antonio Guterres បានរិះគន់ចំៗថា “វាជាទង្វើដ៏អសីលធម៌” ដែលបណ្ដាក្រុមហ៊ុនថាមពល ប្រឹងកេងចំណេញពីវិបត្តិនេះ ដោយឥតអៀនខ្មាស និងមិនគិតពីមនុស្សជាតិ”។
ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ថា ពន្ធពិសេសនោះនឹងមានលក្ខណៈបែបណានោះទេ។
សង្គ្រាមរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើឱ្យពិភពលោកខ្វះខាតប្រេង និងឧស្ម័នកាន់តែធ្ងន់ធ្ងរទៅៗដែលធ្វើឱ្យតម្លៃថាមពល ហក់ឡើងកាន់តែខ្ពស់ ខណៈថាមពលរបស់រុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់ដ៏ធំបានរងទណ្ឌកម្ម បិទខ្ទប់ជុំទិសពីសំណាក់លោកខាងលិច និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត។
ខណៈគ្រួសារនានាទូទាំងពិភពលោក កំពុងជួបការលំបាកខ្លាំងដោយសារថាមពលហក់ឡើងថ្លៃខ្ពស់ ក្រុមហ៊ុនប្រេង និងឧស្ម័ននានាកំពុងសប្បាយកើបលុយចំណេញកប់ក្ដោង ដែលជាទង្វើសួនតួអាត្មានិយម។
យោងតាមទិន្នន័យបង្ហាញថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនប្រេងអង់គ្លេសBP បានទទួលបានប្រាក់ចំណេញខ្ពស់បំផុត មិនធ្លាប់មានក្នុងពេល១៤ឆ្នាំមកនេះ ចំណែកឯក្រុមហ៊ុនប្រេងអង់គ្លេសមួយទៀត Shell ទទួលបានប្រាក់ចំណេញខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេលពីខែមេសា ដល់ខែមិថុនា ឆ្នាំនេះ។
រួមបញ្ចូលគ្នា ក្រុមហ៊ុនថាមពលធំៗបំផុតទាំង៤ របស់ពិភពលោក គឺក្រុមហ៊ុនអាមេរិក Exxon ក្រុមហ៊ុនអាមេរិក Chevron ក្រុមហ៊ុនអង់គ្លេស Shell និងក្រុមហ៊ុនបារាំង TotalEnergies ទទួលបានប្រាក់ចំណេញរហូតដល់ទៅជិត៥១ពាន់លានដុល្លារ ក្នុងត្រីមាសទី២ឆ្នាំនេះ ដែលជិតស្មើនឹងទ្វេរដង ធៀបនឹងប្រាក់ចំណេញទទួលបាន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ BBC៕