ដោយ: លាងហួរ
ប៉េកាំង: ទិន្នន័យគយផ្លូវការបានបង្ហាញថា ការនាំចេញរបស់ចិនទៅកាន់ប្រទេសរុស្ស៊ី បានធ្លាក់ចុះរយៈពេល៤ខែ និងកើនឡើងវិញនៅក្នុងខែកក្កដា ខណៈដែលការនាំចេញរបស់រុស្ស៊ី ទៅកាន់ប្រទេសចិនក៏មានការកើនឡើងផងដែរ។
ការនាំចេញរបស់ចិនទៅកាន់ប្រទេសរុស្ស៊ី ដែលស្ថិតក្រោមការរងទណ្ឌកម្មបានកើនឡើង២២,២ភាគរយ នៅក្នុងខែកក្កដាធៀបនឹងឆ្នាំ២០២១ ប៉ុន្តែការទូទាត់ក្នុងលក្ខខណ្ឌប្រាក់ដុល្លារ មានការធ្លាក់ចុះ១៧ភាគរយ នៅក្នុងខែមិថុនា និងកត់សម្គាល់ឃើញមានកំណើនដំបូង ចាប់តាំងពីខែមីនា។ នេះបើយោងតាមការគណនារបស់សារពត៌មានReuters ដោយផ្អែកលើទិន្នន័យគយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
កំណើនការនាំចូលពីប្រទេសរុស្ស៊ី បានបន្តកើនឡើងក្នុងកម្រិត៤៩,៣ភាគរយ នៅក្នុងខែកក្កដា ទោះបីជាយឺតជាងការកើនឡើង៥៦ភាគរយ នៅក្នុងខែមិថុនា និង៧៩,៦ភាគរយនៅក្នុងខែឧសភាក៏ដោយ។
ប្រទេសរុស្ស៊ី ជា ប្រភព ប្រេង ឧស្ម័ន ធ្យូងថ្ម និង ទំនិញ កសិកម្ម សំខាន់ ៗសម្រាប់ ប្រទេស ចិន។
ចំពេលសង្រ្គាមអ៊ុយក្រែនដែលកំពុងបន្ត ប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំបំផុតរបស់ប្រទេសចិន នៅក្នុងខែឧសភា និងខែមិថុនា។
ទោះបីជាយ៉ាងណាក៏ដោយ ការផ្គត់ផ្គង់ប្រេងដែលបានផ្ទុកពីកំពង់ផែ រុស្ស៊ី ទៅកាន់ប្រទេសចិន បានធ្លាក់ចុះមកនៅត្រឹម២១,៣លានបារ៉ែល ក្នុងខែកក្កដា ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែកុម្ភៈ៕