ដោយៈ គង់ សូរិយា
អន្តរជាតិៈ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+ ៣ (AMRO) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៥ ភាគរយនៅក្នុងឆ្នាំ ២០២២។
ការព្យាករណ៍៍កំនើននេះ ដោយសារតែអត្រាការចាក់វ៉ាក់សាំងខ្ពស់ និងការលើកទឹកចិត្តសារពើពន្ធដ៏រឹងមាំ ប៉ុន្តែស្ថាប័នមួយនេះ បានព្រមានថា ការនាំចេញជាពិសេសសម្លៀកបំពាក់ និងវាយនភណ្ឌទៅអាមេរិក និងសហភាពអឺរ៉ុបនឹងធ្លាក់ចុះនៅឆមាសទី២។
ទោះជាយ៉ាងណាធនាគារជាតិនៃកម្ពុជាបានព្យាករណ៍កាលពីដំណាច់ត្រីមាសទី២ឆ្នាំនេះថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេច បានកំនើន៥,៤ភាគរយ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២២ របស់ស្ថាប័ននេះបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានភាពធន់។ ការបន្ធូរបន្ថយការរឹតបន្តឹង លើការរីករាលដាលជំងឺកូវីដ១៩ បានបង្កើនសកម្មភាពក្នុងស្រុក ខណៈដែលតម្រូវការខាងក្រៅដ៏រឹងមាំ បានគាំទ្រការស្ទុះងើបឡើងវិញនៅឆមាសទី១ ឆ្នាំ ២០២២។
ស្ថាប័នAMRO បានលើកឡើងថា “នៅពេលដែលសេដ្ឋកិច្ចស្ទុះងើបឡើងវិញ ហើយការរីករាលដាលជំងឺកូវីដ១៩ធូរស្រាល វានឹងមានសារៈសំខាន់ណាស់ ក្នុងការផ្តោតលើគោលនយោបាយ ឆ្ពោះទៅរកកំណែទម្រង់រចនាសម្ព័ន្ធ ដែលនឹងជួយបង្កើនសក្តានុពល កំណើនសេដ្ឋកិច្ចរយៈពេលវែង”។
សេចក្ដីប្រកាសព័ត៌មានបន្ថែមថា ការវាយតម្លៃបឋមត្រូវបានធ្វើឡើងដោយ AMRO បន្ទាប់ពីដំណើរទស្សនកិច្ចពិគ្រោះយោបល់ ប្រចាំឆ្នាំរបស់ខ្លួន បានមកប្រទេសកម្ពុជានៅថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២២។
លោកJinho Choi អនុប្រធានក្រុមAMRO និងជាសេដ្ឋវិទូជាន់ខ្ពស់នៅAMROបានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងកើនឡើង ៥,០ភាគរយនៅឆ្នាំ ២០២២ កើនឡើងពី៣,០ ភាគរយកាលពីឆ្នាំ២០២១។ ស្របតាមយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ១៩ យើងរំពឹងថា សេដ្ឋកិច្ចក្នុងស្រុកនឹងបន្តកើនឡើង ដែលគាំទ្រដោយអត្រាការចាក់វ៉ាក់សាំងខ្ពស់ និងការពង្រឹងវិធីការពារសុខភាព។
លោកបន្តថា “ចក្ខុវិស័យសម្រាប់ការនាំចេញ នឹងមានការប្រកួតប្រជែង ដោយសារតែអាមេរិក និងសហភាពអឺរ៉ុបត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះយ៉ាងខ្លាំងនៅឆមាសទី២ឆ្នាំនេះ ដែលអាចដាក់សម្ពាធយ៉ាងខ្លាំងលើវិស័យកាត់ដេរ”៕