ដីធ្លីជុំវិញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី​មានកំណើនតិចតួចជាងមុន ខណៈគម្រោងកំពុងបន្តសាងសង់

0

ដោយ៖ សុផារី

កណ្តាល៖ គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ​ ដែលកំពុងដំណើរការសាងសង់យ៉ាងមមាញឹកខ្លាំង បាននិងកំពុងផ្តល់ផលប្រយោជន៍ ដោយបានលើកកម្ពស់ និងជំរុញសក្តានុពលខ្ពស់សម្រាប់ការវិនិយោគលើដីធ្លី នៃឃុំចំនួនបី​ឋិតក្នុងស្រុកកណ្តាលស្ទឹង​។ យ៉ាងណាក្តី អ្នកជំនាញមូលដ្ឋានបញ្ជាក់ថា ចរន្តការទិញលក់នៅជុំវិញតំបន់ខាងលើមានកំណើនតិចតួចជាងពេលមុន។

លោក ស៊ូ ប៊ុនសុង ប្រធានគ្រប់គ្រងក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកណ្តាល​ បានឱ្យដឹងថា ឃុំជើងកែប អំពៅព្រៃ និងឃុំកណ្តោក ទទួលបានប្រយោជន៍ច្រើនជាងគេ ពីគម្រោង​សាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

លោកបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នទីផ្សារដីធ្លីក្នុងឃុំទាំងបីមានតម្លៃដាក់លក់ជាមធ្យម ចន្លោះពី ៦០ ទៅ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលជាតម្លៃខ្ពស់ជាងគេ​ ក្នុងស្រុកណ្តាលស្ទឹង។ យ៉ាងណាក្តី ទីផ្សារដីធ្លីក្នុងស្រុកកណ្តាលស្ទឹងហាក់មិនមានការប្រែប្រួលច្រើននោះទេ ហើយចំណែកប្រតិបត្តិការទិញ-លក់វិញក៏មានកំណើនតិចតួច​។

លោកមានប្រសាសន៍ថា “ទីតាំងនៅក្បែរៗតំបន់ព្រលានថ្មីនេះ មិនមានការទិញ លក់ ច្រើនដូចមុនទេ ដោយសារម្ចាស់ដីជាច្រើនដាក់លក់ក្នុងតម្លៃខ្ពស់រួចទៅហើយ។ ចំពោះអ្នកទិញវិញ គឺភាគច្រើនស្វែករកទីតាំងដី ដែលដាក់លក់តម្លៃក្រោមទីផ្សារ ព្រោះរំពឹងឱកាសនៃបង្កើតផលចំណេញ”។

យ៉ាងនេះក្តី លោកប៊ុនសុង រំពឹងថា ទីផ្សារដីធ្លីឋិតនៅតំបន់ព្រលានយន្តហោះថ្មីនេះនឹងកើនឡើងម្តងទៀត នៅពេលគម្រោងអភិវឌ្ឍន៍ដ៏ធំមួយនេះសម្រេចការសាងសង់រួចរាល់ ស្របពេលដែលគម្រោងវិនិយោគជាច្រើននឹងលេចចេញជារូបរាង។

បច្ចុប្បន្ន ស្រុកកណ្តាលស្ទឹងនៅសល់១៨ឃុំ និង១២៧ភូមិ បន្ទាប់ពីឃុំចំនួន៥ ត្រូវបានកាត់ចូលទៅខណ្ឌដង្កោ ក្រោមការគ្រប់គ្រងរដ្ឋបាលរាជធានីភ្នំពេញ។

គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ​ ​ត្រូវ​បានសាងសង់លើផ្ទៃដីទំហំប្រមាណ២.៦០០ហិកតា ដែលលាតសន្ធឹងលើទឹកដីក្នុង​ក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ គិតមកទល់បច្ចុប្បន្នសម្រេចការសាងសង់ជាង៣០ភាគរយ ហើយបញ្ចប់រួចរាល់ ដំណាក់កាលទី១ នៅឆ្នាំ២០២៣ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here