ប្រធានក្រុមហ៊ុនCPលំដាប់យក្សរបស់ប្រទេសថៃគ្រោងពង្រីកការវិនិយោគនៅកម្ពុជា

0

ដោយ:លាងហួរ
ភ្នំពេញ:លោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ (Korsak Chairasmisak) ប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) បានចូលជួបពិភាក្សាការងារជាមួយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

ជំនួបនេះបានរៀបចំឡើងនៅឯវិមានសន្តិភាពនាព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហាឆ្នាំ២០២២នេះ។

ឆ្លៀតក្នុងឱកាសជំនួបនោះ លោក កស័ក្ដិ បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជា ទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស រាជធានីភ្នំពេញ មានការរីកចម្រើនជាលំដាប់ និងឆាប់រហ័សជាទីបំផុត។

លើសពីនោះទៀត លោកក៏បានបញ្ជាក់ថាគោលបំណងរបស់លោកមកកម្ពុជានេះ គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ដល់ជូនសម្ដេចតេជោនៅអាហារូបករណ៍ថ្នាក់បរិញាបត្រចំនួន១០និងអាហារូបករណ៍សម្រាប់ថ្នាក់បច្ចេកទេសចំនួន១១។

លោកបានបញ្ជាក់ថា រាល់ការចំណាយទាំងអស់ លោកនឹងផ្គត់ផ្គង់ជូនសម្រាប់អាហារូបករណ៍ទាំង២០នេះ។

ជាមួយគ្នានេះដែរ លោកក៏បានគោរពជម្រាបជូនសម្ដេចតេជោអំពីល្បែងយុទ្ធសាស្ត្រហ្គោល ដែលជាល្បែងមួយមានប្រភពចេញមកពីប្រទេសចិនប្រមាណជា ៣០០០ឆ្នាំមកហើយ ហើយលោក សព្វថ្ងៃ គឺជាអ្នកបង្ហាត់បង្រៀនល្បែងយុទ្ធសាស្ត្រនេះ ។

លោកក៏បានគោរពជូនសម្ដេចតេជោ នូវការចូលរួមរបស់កុមារចំនួន ៣០នាក់ ទៅរៀនល្បែងយុទ្ធសាស្ត្រនេះនៅប្រទេសថៃ ហើយសម្រាប់ ៣០នាក់នេះ គឺជ្រើសរើសកុមារអាយុចាប់ពី ១០ឆ្នាំដល់ ១២ឆ្នាំ ។

លោកបានគោរពជម្រាបជូនសម្ដេចតេជោដែលថា លោកនឹងផ្ដល់ជូននូវរាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងការបញ្ជូនកុមារទៅរៀនលេងល្បែងហ្គោលនៅប្រទេសថៃនេះ។

លោកបានបញ្ជាក់ថា ល្បែងយុទ្ធសាស្ត្រហ្គោលនេះ គឺខ្មែរយើងហៅថា អុកចិន ដែលមានកូនគ្រាប់ពណ៌ខ្មៅ និងពណ៌ស ដែលដើរព័ទ្ធគ្នាដើម្បីយកជ័យជំនះ។

លោក កស័ក្ដិ បានមានប្រសាសន៍បន្តថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ ដើម្បីស្វែងរកសក្តានុពល ធ្វើការវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជាផងដែរ ក្នុងន័យនេះ លោកបានគោរពសុំអនុសាសន៍ពីសម្ដេចតេជោ លើទិសដៅដែលលោកអាចវិនិយោគនៅកម្ពុជាបាន ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនលោក កស័ក្ដិ ដែលបានសម្ដែងនូវការអបអរសាទរជូនចំពោះការអភិវឌ្ឍរបស់កម្ពុជា ហើយក៏បានថ្លែងអំណរគុណជូនចំពោះលោកការសាក់ដែរ ចំពោះអាហារូបករណ៍ និងការផ្ដល់ឱកាសឱ្យកុមារកម្ពុជា បានទៅរៀនលេងល្បែងយុទ្ធសាស្ត្រដែលឈ្មោះថា ហ្គោល នៅប្រទេសថៃ។ពាក់ព័ន្ធនឹងករណីនេះ សម្តេចតេជោ បានណែនាំឲ្យលោក កស័ក្ដិ បន្តធ្វើការជាមួយឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ សុខ ចិន្ដាសោភា ពាក់ព័ន្ធនិងការវិនិយោគនៅកម្ពុជា ។

ពាក់ព័ន្ធនឹងអាហារូបករណ៍ និងល្បែងយុទ្ធសាស្ត្រនេះ សូមធ្វើការជាមួយឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ថ្លែងក្នុងជំនួបនោះសម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ជូនលោក កស័ក្ដិ ពិនិត្យពិចារណាធ្វើការវិនិយោគលើការផលិតក្រដាសនៅប្រទេសកម្ពុជា ព្រោះថា ក្រដាស គឺជាសម្ភារៈដែលត្រូវការចាំបាច់ ហើយក៏មានតម្រូវការកើនឡើងជាលំដាប់។

ជាមួយគ្នានោះដែរ សម្តេចតេជោ បានស្នើសុំឱ្យលោក កស័ក្ដិ ពិនិត្យមើលការបង្កើតរោងចក្រផលិតជីសរីរាង្គនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here