ដោយ៖ សុផារី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសម្តែងកង្វល់រឿងថ្លៃប្រេងឥន្ធនៈឡើងខ្ពស់ ច្រើនជាងកង្វល់តម្លៃទំនិញឡើងខ្ពស់ ដោយប្រាប់ឱ្យក្រុមហ៊ុនរកស៊ីប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា កុំដំឡើងតម្លៃប្រេងលឿនជាងទីផ្សារអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ ខែសីហានេះ។
សម្តេចមានប្រសាសន៍ថា ប្រសិនបើតម្លៃប្រេងនៅទីផ្សារអន្តរជាតិចុះថ្លៃហើយ តម្លៃប្រេងនៅកម្ពុជាមិនអាចនៅតែឡើងថ្លៃនោះទេ។ ការរកស៊ីតែងមានការចំណេញ ប៉ុន្តែកុំឆ្លៀតឱកាសកេងចំណេញ នៅចំពេលដែលពិភពលោកកំពុងមានបញ្ហារឿងតម្លៃប្រេងឥន្ធនៈនេះ។
សម្តេចតេជោ បន្តថា “ព្រឹកមិញ ខ្ញុំតាមដានបញ្ហាប្រេង តម្លៃប្រេង៩២,០៦ តែឥឡូវនេះ ចុះដល់៩១,៩០ទេ។ ខ្ញុំចេះតែតាមដានទៅ ដើម្បីដឹងការកំណត់ថ្លៃក្នុងប្រទេស។ បើចុះ វាល្អសម្រាប់យើង ថ្ងៃនេះ ឬស្អែក ត្រូវប្រកាសតម្លៃជាថ្មីហើយ ឥលូវតើចុះ ឬមិនចុះ?”។
សម្តេចតេជោ បានមានថ្លែងបន្ថែមថា “រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាការសម្របសម្រួល ខ្ញុំសូមកោតសរសើរ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនប្រេងទាំងឡាយនៅកម្ពុជា។ តែខ្ញុំសុំថាអញ្ចេះ កុំថា គេប្រកាសឡើងថ្លៃភ្លាមពីក្រៅប្រទេស តែយើងនៅក្នុងនេះ ប្រកាសឡើងភ្លាមដែរ ដែលអាចធ្វើឱ្យវាជ្រួលច្របល់”៕