ដោយ: លាងហួរ
ប្រទេសចិន: ក្រុមមន្រ្តីជាន់ខ្ពស់នៃនិយតករសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសចិនកំពុងរៀបចំផែនការជាក្រុមទីបី លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រដោយប័ណ្ណបំណុលរដ្ឋាភិបាល។
ប្រទេសចិនក៏គ្រោងនឹងពន្លឿន ការសាងសង់គម្រោងសំខាន់ៗផ្សេងៗនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២២នេះផងដែរ។
លោក Luo Guosan ប្រធាននាយកដ្ឋានវិនិយោគទ្រព្យសកម្មថេរនៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារថា ការវិនិយោគនេះដើរតួយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសចិនដែលកំពុងធ្លាក់ចុះ។
ការពន្លឿន និងការជំរុញលើកកម្ពស់ការសាងសង់ គម្រោងសំខាន់ៗផ្តល់នូវការបម្រុងទុកដ៏សំខាន់ សម្រាប់ការពង្រីកតម្រូវការក្នុងស្រុក និងស្ថិរភាពសេដ្ឋកិច្ចទាំងមូល។
លោកបានបន្តថា “ប្រទេសចិន បានបញ្ចប់ការចេញមូលបត្របំណុលពិសេសចំនួន៣,៤៥ពាន់ពាន់លានយ័ន(៥០៨ពាន់លានដុល្លារ) សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ”។
ក្នុងអំឡុងពេលប្រាំពីរខែដំបូង គណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ(NDRC) បានអនុម័តគម្រោងវិនិយោគទ្រព្យសកម្ម ថេរចំនួន៦៥ដែលមានតម្លៃជាង១ពាន់ពាន់លានយ័ន។
កាលពីខែកក្កដា គណៈកម្មការនេះក៏បានអនុម័ត គម្រោងចំនួនប្រាំបីដែលមានតម្លៃ២៣៦,៨ពាន់លានយ័ន ដែលភាគច្រើននៅក្នុងវិស័យដូចជាការអភិរក្សទឹក និងថាមពល៕