បន្ទាប់ពីផ្អាកទិញយក Twitter ឥឡូវ Elon Musk ប្រកាសទិញយកក្លឹបបាល់ទាត់ Manchester United

0

ដោយៈ សុខុម

អាមេរិកៈ កាលពីថ្ងៃអង្គារ ទី១៦ ខែសីហា លោក Elon Musk ដែលជាមហាសេដ្ឋីមានទ្រព្បសម្បត្តិច្រើនបំផុត ក្នុងពិភពលោកបានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម Twitter ថា លោកនឹងទិញយកក្លឹបបាល់ទាត់ Manchester United ដោយមិនផ្តល់ព័ត៌មានលម្អិត។

លោក Elon Musk បានសរសេរបង្ហោះថា “ខ្ញុំនឹងទិញយកក្លឹបបាល់ទាត់ Manchester United មិនអីទេ”។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃពុធ ទី១៧ ខែសីហា នេះ។

ក្លឹបបាល់ទាត់នេះ ត្រូវបានគ្រប់គ្រងដោយគ្រួសារលោក Glazer ដែលជាមហាសេដ្ឋីជនជាតិអាមេរិក។

ទោះជាយ៉ាងណា ទាំងគ្រួសារលោកGlazer និងលោក Elon Musk មិនអាចទាក់ទងសុំការឆ្លើយបំភ្លឺបានទេជុំវិញបញ្ហានេះ។

កាសែតអង់គ្លេស The Daily Mirror បានចុះផ្សាយកាលពីឆ្នាំមុនថា គ្រួសារលោក Glazer ត្រៀមលក់ក្លឹបបាល់ទាត់នេះ ប៉ុន្តែទាល់តែបានតម្លៃលើសពី៤,៨៤ពាន់លានដុល្លារអាមេរិក ទើបពួកគេព្រមលក់។

បច្ចុប្បន្នលោក Elon Musk កំពុងព្យាយាមដកខ្លួនចេញពីកិច្ចព្រមព្រៀងទិញក្រុមហ៊ុន បណ្ដាញទំនាក់ទំនងសង្គម Twitter ក្នុងតម្លៃ៤៤ពាន់លានដុល្លារ ដែលធ្វើឱ្យក្រុមហ៊ុននេះកើតទុក្ខមិនសុខចិត្ត និងប្ដឹងលោកឡើងតុលាការ។

ក្លឹប Manchester United ស្ថិតក្នុងចំណោមក្លឹបបាល់ទាត់ ដែលទទួលបានការគាំទ្រច្រើនបំផុតរបស់ពិភពលោក។ ក្លឹបនេះបានក្លាយជាម្ចាស់ជើងឯករបស់ប្រទេសអង់គ្លេស ដល់ទៅ២០ដង និងបានឈ្នះពានរង្វាន់ European Cup ដែលជាការប្រកួតប្រជែង ដ៏មានកិត្យានុភាពបំផុតក្នុងពិភពលោកចំនួន៣ដង៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here