ដោយៈ សុខុម
ប៉េកាំងៈ មន្ត្រីរាជការមួយចំនួននៅប្រទេសចិន បានទទួលភារកិច្ចមួយបន្ថែមទៀត ក្រៅពីការងារស្នូលក្នុងអង្គភាព នោះគឺត្រូវជួយលក់ផ្ទះដែលលក់មិនចេញក្នុងចំនួនយ៉ាងច្រើន ខណៈអ្នកទិញផ្ទះបាត់បង់ទំនុកចិត្ត និងមានការប្រយ័ត្នប្រយែងជាងមុន។
បញ្ហានេះបាននិងកំពុងធ្វើឱ្យ វិបត្តិអចលនទ្រព្យចិន កាន់តែធ្ងន់ធ្ងរទៅៗ។
សារព័ត៌មានហិរញ្ញវត្ថុចិន Yicai បានចុះផ្សាយកាលពីថ្ងៃពុធ ១៧ សីហា ថា ស៊ីស៊ាន់ (Sixian) ដែលជាទីក្រុងតូចមួយ នៅខេត្តភាគខាងកើតអានហួយ (Anhui) បានតម្រូវឱ្យមន្ត្រីរាជការជួយលក់ផ្ទះ ដែលលក់មិនចេញទៅឱ្យមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ។ ហើយមិនមែនមានតែទីក្រុងនេះមួយទេ ដែលតម្រូវឱ្យមន្ត្រីរាជការឱ្យជួយលក់ផ្ទះបែបនេះ។
ក្រុមមន្ត្រីនៅស៊ីមឹន (Shimen) ដែលជាទីក្រុងតូចមួយ ក្នុងខេត្តភាគខាងត្បូងហ៊ូណាន (Hunan) ក៏កំពុងចាត់វិធានការស្រដៀងគ្នានេះដែរ។
នៅក្នុងវីដេអូឃ្លីបមួយ ដែលល្បីសុះសាយតាមប្រព័ន្ធអ៊ីនធឺណិត មន្ត្រីមួយរូបនៅក្រុងស៊ីមឹន បាននិយាយនៅឯពិព័រណ៍អចលនទ្រព្យមួយថា “ខ្ញុំសង្ឃឹមថា អ្នកចូលរួមដែលរួមមានទាំងមន្ត្រីផង នឹងត្រូវនាំមុខគេនៅក្នុងការទិញផ្ទះមួយបន្ថែមទៀត ទោះបីជាអ្នកទាំងអស់គ្នាមានផ្ទះហើយក៏ដោយ”។
សារព័ត៌មាន Yicai ចុះផ្សាយថា ផ្ទះជាង១០.០០០យូនីតដែលមានផ្ទៃសរុប៩៨០.០០០ម៉ែត្រការ៉េ ត្រូវបានដាក់លក់ ដោយក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន១៩ ក្នុងពិព័រណ៍ពាណិជ្ជកម្មអចលនទ្រព្យក្នុងក្រុងស៊ីមឹន ដែលបានបើកកាលពីថ្ងៃអង្គារ ទី១៦ ខែសីហា។
សារព័ត៌មាននេះបានព្យាករថា ទម្រាំតែលក់ផ្ទះទាំងនេះអស់ ត្រូវការពេលយ៉ាងតិច២០ខែ។
ទោះជាយ៉ាងណា ពេលសារព័ត៌មាននេះទាក់ទងទៅ ដើម្បីការឆ្លើយបំភ្លឺជុំវិញករណីនេះ អាជ្ញាធរនៅក្រុងស៊ីស៊ាន់ និងក្រុងស៊ីមឹន មិនបានឆ្លើយតបនោះទេ៕ Reuters៕