សម្តេចតេជោ៖ ធនាគារកណ្ដាលនៃប្រទេសមួយចំនួនបង្ខំចិត្តតម្លើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការកើនឡើងអតិផរណា

0

ដោយ៖ សុផារី

ភ្នំពេញ៖ ស្របពេលដែលជំងឺកូដៃ-១៩ បានថមថយ តែមិនទាន់បានបញ្ចប់នៅឡើយ សកលលោក ទាំងមូល ក៏បាន និងកំពុងជួបប្រទះនឹងបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀត ដែលអាចបន្ទច់បង្អាក់សន្ទុះនៃការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចសកល។ ជាលទ្ធផលបានបង្កឱ្យមានបញ្ហាអតិផរណា ដែលរុញច្រានឱ្យធនាគារកណ្ដាលនៅតាមបណ្តាប្រទេសមួយចំនួនបង្ខំចិត្តតម្លើងអត្រាការប្រាក់ ទប់ស្កាត់ការបន្តកើនឡើង នៃអតិផរណា។

នេះបើយោងតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២នេះ ក្នុងឱកាសអញ្ជើញទទួលអំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer សម្រាប់កុមារចំនួន ៣០០.០០០ដូស ពីប្រជាជន និងរដ្ឋាភិបាលអេស្ប៉ាញ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជាក់ស្តែងការកើនឡើងថ្លៃប្រេងឥន្ធនៈ បានបង្កឱ្យមានអតិផរណាខ្ពស់គ្រប់ទីកន្លែង ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានជម្រុញឱ្យធនាគារកណ្តាលត្រូវបង្ខំចិត្តតម្លើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការបន្តកើនឡើង នៃអតិផរណា។

សម្តេចតេជោ បានបន្ថែមថា “បញ្ហាអតិផរណាខ្ពស់នេះធ្វើឱ្យតម្រូវការសកលធ្លាក់ចុះ ជាងនេះទៅទៀតអតិផរណាខ្ពស់ ក៏បានហ្នឹងកំពុងដាក់សម្ពាធ កាន់តែខ្លាំងឡើងមកលើជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនយើងផងដែរ ស្ថិតក្នុងកាលៈទេសៈដ៏លំបាក និងពិបាកប៉ាន់ប្រមាណនេះ យើងត្រូវការចាំបាច់នូវកិច្ចសហប្រតិបត្តិការ និងការចេះជួយគ្នាទៅវិញទៅមកជាងពេលណាៗទាំងអស់”។

សម្តេចក៏សម្តែងការលើកទឹកចិត្តឱ្យចាត់ទុកសុខភាព របស់ប្រជាជន និងសុខភាពសាធារណៈ ជាអាទិភាពខ្ពស់បំផុត នូវស្មារតីជួយគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីចុងខែកក្កដាកន្លងមកបានព្រមានថា នៅតែមានការឆ្លងជំងឺរាតត្បាតកូវីដ-១៩ និងការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងភាពស្រពិចស្រពិល និងទស្សនវិស័យមិនច្បាស់លាស់។

មន្ត្រីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានផ្ដល់ជាអនុសាសន៍ថា ធនាគារកណ្ដាល នៃប្រទេសក្នុង តំបន់អាស៊ីមួយចំនួន ត្រូវតែដំឡើងអត្រាការប្រាក់ ឱ្យបានឆាប់រហ័ស ដើម្បីអាចទប់ស្កាត់ ការកើនឡើងបន្ថែមនៃ អតិផរណាបាន ខណៈដែលសម្ពាធអតិផរណា កំពុងកើនឡើង ដោយសារតែការកើន ឡើង ជាសកលនៃតម្លៃស្បៀងអាហារ និងឥន្ធនៈ ដែលបណ្ដាលមកពី វិបត្តិសង្គ្រាមនៅអ៊ុយក្រែនកន្លងមក។

លោក Krishna Srinivasan ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ IMF បានឱ្យដឹងថា “ទោះបីជាសម្ពាធអតិផរណា ដែលកំពុងកើនឡើងនៅក្នុងតំបន់អាស៊ី ស្ថិតនៅក្នុងកម្រិតមធ្យមនៅឡើយ បើធៀបនឹងតំបន់ផ្សេងទៀត ក៏ប៉ុន្តែការកើនឡើងតម្លៃទំនិញនៅក្នុងប្រទេសជាច្រើនក៏អាចនឹងផ្លាស់ប្តូរលើសពី គោលដៅរបស់ ធនាគារកណ្តាលផងដែរ”។

លោកបានបន្តថា “ដូច្នេះដើម្បីជាដំណោះស្រាយ ធនាគារកណ្តាលនៃ បណ្តាប្រទេសអាស៊ីគួរតែដំឡើងអត្រាការប្រាក់ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ជៀសវាងអតិផរណាកំពុងពង្រីកដល់តម្លៃស្នូល និងដើម្បីការពារការកើនឡើង នៃការរំពឹងទុកនៃអតិផរណា (Inflationary Expectations) និងប្រាក់ឈ្នួលឱ្យមានការដំឡើងធំជាងមុន”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here