Big Data រួមចំណែកជាង១០០ពាន់លានដុល្លារក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងប្រទេសក្នុងតំបន់

0

 ដោយៈ សុផារី

អាស៊ានៈ របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា បានឱ្យដឹងថា ទិន្នន័យធំអាចគាំទ្រដល់កាលានុវត្តភាព ដែលមានតម្លៃជាង១០០ពាន់លានដុល្លារអាមេរិក នៅអាស៊ីអាគ្នេយ៍ ជាពិសេសនៅទូទាំងប្រទេសដែលផ្តោតសំខាន់ទាំង៥ រួមមាន កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងថៃ។

របាយការណ៍ដែលបានដាក់ឈ្មោះថា “ការទាញយកសក្តានុពលនៃទិន្នន័យធំ នៅអាស៊ីអាគ្នេយ៍ ក្រោយការរាតត្បាត” បានបញ្ជាក់ថា ទិន្នន័យធំមានសក្តានុពលយ៉ាងធំធេង ក្នុងការតាមដានការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺកូវីដ-១៩យ៉ាងឆាប់រហ័ស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងអត្ថប្រយោជន៍ផ្នែកសុខភាពសាធារណៈ សុខុមាលភាពសង្គម និងការការពារ និងការអប់រំ។

របាយការណ៍ដដែលនេះបានរកឃើញថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្តល់នូវការរៀនសូត្រផ្ទាល់ខ្លួន និងពីចម្ងាយ និងការផ្គូផ្គងការងារអាចរួមចំណែកប្រមាណ៧៧,១ពាន់លានដុល្លារ ក្នុងមួយឆ្នាំដល់ផលិតផ​លក្នុងស្រុកសរុប (GDP) នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០៣០។

យោងតាមរបាយការណ៍ ការប្រើប្រាស់ការវិភាគ ដើម្បីដឹកនាំអន្តរាគ​មន៍សុខភាព ដែលមានគោលដៅខ្ពស់ សម្រាប់ប្រជាជនមានហានិភ័យ អាចនាំឱ្យមានការកើនឡើង ទឹកប្រាក់ចំនួន១៥,៥ពាន់លានដុល្លារ នៅក្នុង GDP នៅទូទាំងតំបន់នៅឆ្នាំ២០៣០។

របាយការណ៍ឱ្យដឹងទៀតថា “ប្រព័ន្ធត្រួតពិនិត្យពីចម្ងាយអាចនាំមកនូវការសន្សំថ្លៃដើម ប្រចាំឆ្នាំចំនួន៩.៤ពាន់លានដុល្លារ ដល់ប្រព័ន្ធថែទាំសុខភាព នៅអាស៊ីអាគ្នេយ៍នៅឆ្នាំ២០៣០ តាមរយៈការទៅមន្ទីរពេទ្យតិចជាងមុន ការស្នាក់នៅក្នុងមន្ទីរពេទ្យ និងនីតិវិធីវេជ្ជសាស្ត្ររយៈពេលខ្លីជាងមុន”។

យោងតាមរបាយការណ៍ ទិន្នន័យធំអាចកែលម្អការផ្តល់សេវារដ្ឋាភិបាល និងបង្កើនល្បឿននៃការស្តារឡើងវិញក្រោយកូវីដ-១៩។

យ៉ាងណាក្តីរបាយការណ៍ព្រមានថា ការដោះសោសក្តានុពលនៃទិន្នន័យធំ នៅក្នុងការផ្តល់សេវាសាធារណៈ នឹងតម្រូវឱ្យរដ្ឋាភិបាលដាក់មូលដ្ឋានយុទ្ធសាស្ត្រ និងបច្ចេកទេស ដើម្បីទាញយកឱកាសនៃទិន្នន័យធំ និងកាត់បន្ថយហានិភ័យរបស់វា រួមទាំងការការពារឯកជនភាពទិន្នន័យ ការក្លែងបន្លំ និងសុវត្ថិភាពតាមអ៊ីនធឺណិត។

នេះគឺជារបាយការណ៍ចុងក្រោយ នៃរបាយការណ៍ចំនួន៤ពីការសិក្សាក្នុងតំបន់ ដែលបានបញ្ចប់ក្នុងឆ្នាំ២០២១ និងទទួលបានមូលនិធិដោយជំនួយបច្ចេកទេសរបស់ ADB លើការណែនាំអំពីគោលនយោបាយស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយកូវីដ-១៩ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកស្រី Elaine Tan ទីប្រឹក្សា ADB និងជាប្រធានផ្នែកស្រាវជ្រាវសេដ្ឋកិច្ច និងស្ថិតិនៃនាយកដ្ឋានសហប្រតិបត្តិការក្នុងតំបន់ និងនវានុវត្តន៍ទិន្នន័យ បានមានប្រសាសន៍ថា ដើម្បីធានាថារដ្ឋាភិបាល អាចបង្កើតគោលនយោបាយទាន់ពេលវេលា ជាពិសេសក្នុងបរិយាកាសប្រកួតប្រជែងនាពេលបច្ចុប្បន្ន ពួកគេអាចប្រើប្រាស់ទិន្នន័យ ដែលប្រមូលបានពីទីភ្នាក់ងាររបស់ពួកគេ។

ថ្លែងនៅក្នុងសិក្ខាសាលាអនឡាញ ដែលធ្វើឡើងដោយADB ដើម្បីចេញផ្សាយរបាយការណ៍នោះ លោកស្រីTan បានកត់សម្គាល់ថា ដើម្បីកំណត់គោលនយោបាយ ឬកម្មវិធីរដ្ឋាភិបាលគួរតែធ្វើការសម្រេចចិត្តដោយផ្អែកលើទិន្នន័យសរុប ដែលបានមកពីផលបូកនៃឥរិយាបទបុគ្គល ជំនួសឱ្យការផ្តោតលើអាកប្បកិរិយាបុគ្គលតែមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here