ក្រសួងតម្រូវឲ្យក្រុមហ៊ុនសាងសង់ផ្លួវជាតិលេខ២ និងលេខ២២ អនុវត្តន៍ការងារសំខាន់់ៗចំនួន៤ ស្របពេលផ្លូវនេះចាប់ផ្តើមខូចខណៈការសាងសង់មិនទាន់បញ្ចប់

0

ដោយៈគង់ សូរិយា

កណ្តាល/តាកែវៈ មន្រ្តីជំនាញក្រសួងសាធារណៈការ និងដឹកជញ្ជូនបានស្នើឲ្យក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និងលេខ២២អនុវត្តន៍លើការងារសំខាន់ៗចំនួន៤។

ការសាងសង់ផ្លូវជាតិលេខ២មិនទាន់បញ្ចប់ផង ប៉ុន្តែផ្លូវនេះបានចាប់ផ្តើមខូ​ចបណ្តើរៗហើយ ដោយសារបញ្ហាគុណភាព។ នេះបើតាមការសង្កេតឃើញ​តាមរយៈធ្វើដំណើររបស់ក្រុមការងារគេហទំព័រPropertyarea.asia ដែលបានមើលឃើញផ្ទាល់ភ្នែក។

កិច្ចប្រជុំដែលបានដឹកនាំដោយលោក ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាមួយលោកស្រី Minnie Chey នាយិកានៃមូលនិធិសហប្រតិបត្តិការកូរ៉េសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រចាំកម្ពុជា(EDCF)កាលពីថ្ងៃពុធកន្លងមកនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីជជែកពិភាក្សា និងពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមមួយចំនួន ក្នុងគោលបំណងជំរុញការងារអនុវត្តន៍គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ឱ្យទទួលបានវឌ្ឍនភាពបន្ថែមទៀត។

តាមរយៈការស្តាប់របាយការណ៍ និងការជជែកពិភាក្សាដោយមានការចូលរួមមតិយោបល់ពីភាគីពាក់ព័ន្ធ អង្គប្រជុំអាចកំណត់បាននូវបញ្ហាពាក់ព័ន្ធ ហើយជាលទ្ធផល អង្គប្រជុំបានពិនិត្យសម្រេច និងបានណែនាំ ឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស បន្តជំរុញការងារអនុវត្ត រួមមានដូចជា ទី១ ក្រុមហ៊ុនសាងសង់ ត្រូវអនុវត្តការងារជួសជុល និងថែទាំផ្លូវឱ្យបានត្រឹមត្រូវតាមកិច្ចសន្យា ដើម្បីធានានូវសុវត្ថិភាព ក្នុងការធ្វើចរាចរណ៍ទៅមក ជៀសវាងបញ្ហាគ្រោះថ្នាក់ផ្សេងៗ ទី២ ក្រុមហ៊ុនសាងសង់ ត្រូវអនុវត្ត ការងារទាំងឡាយស្របតាមទំហំការងារ ដែលមានចែងក្នុងកិច្ចសន្យាឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

ទី៣ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវធ្វើការពិនិត្យលើតម្លៃនៃ ទំហំការងារបន្ថែមពិតប្រាកដ និងដាក់ជូនមកអង្គភាពគ្រប់គ្រងគម្រោង(PMU) ឱ្យបានរួចរាល់ត្រឹមចុងសប្ដាហ៍នេះ និងទី៤ ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយផលប៉ះពាល់ ដែលនៅសេសសល់ឱ្យបានរួចរាល់ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ផងដែរ៕

កិច្ចប្រជុំពិនិត្យតាមដាន និងជំរុញការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ ២២
ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហេង រត្នពិសិដ្ឋ បានជម្រាបជូនអង្គប្រជុំអំពីរបៀបវារៈ និងគោលបំណងនៃកិច្ច ប្រជុំ និងបានអនុញ្ញាតឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសធ្វើបទបង្ហាញអំពីវឌ្ឍនភាព និងបញ្ហាប្រឈមជូន អង្គប្រជុំដើម្បីជាមូលដ្ឋានក្នុងការពិនិត្យ និងពិភាក្សាដោះស្រាយ។

ជាទីបញ្ចប់ ឯកឧត្តមអគ្គនាយក បានថ្លែងអំណរគុណដល់អង្គប្រជុំដែលបានអញ្ជើញចូលរួម និងផ្ដល់កិច្ច សហការការងារពាក់ព័ន្ធកន្លងមក និងបានជំរុញឱ្យមានការរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ទៀត ដើម្បីពិនិត្យ វឌ្ឍនភាពការងារ និងជំរុញការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដើម្បីឱ្យគម្រោងអាចអនុវត្តបញ្ចប់ទាន់ពេលវេលា ប្រកបដោយគុណភាព និងប្រសិទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here