ដោយៈ គង់ សូរិយា
ព្រះសីហនុៈ ខេត្តព្រះសីហនុ នៅតែបន្តទាក់ទាញគំរោងវិនិយោគតូចៗមួយចំនួន ខណៈការមកដល់របស់អ្នកដំណើរ តាមផ្លូវអាកាសនៅមានកម្រិតនៅឡើយ។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីរសៀលថ្ងៃទី១៨ សីហាកន្លងមកថា សកម្មភាពសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ បានកើនឡើងបណ្តើរៗ ប៉ុន្តែខេត្តមិនទាន់ទាក់ទាញគំរោងវិនិយោគធំៗនៅឡើយទេ។
លោកបន្តថា “យ៉ាងណាក៏ដោយការមក ដល់របស់អ្នកវិនិយោគធំៗ មិនទាន់មានចំនួនច្រើននៅឡើយទេ ប៉ុន្តែគំរោងវិនិយោគតូចៗបានចូលមកជាបន្តបន្ទាប់”។ លោកបន្តថា “ជាមួយគ្នានេះ ភ្ញៀវទេសចរណ៍ទៅទស្សនា ខេត្តព្រះសីហនុក៏មានសភាពស្ងប់ស្ងាត់ ដោយសារពេលនេះមានភ្លៀងធ្លាក់ច្រើន ព្រោះវាជារដូវវស្សា។
លោកជំនួបជាមួយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីពេលថ្មីៗនេះ លោកវ៉ាង យីទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានមានប្រសាសន៍ថា ប្រទេសចិននឹងជម្រុញឲ្យអ្នកវិនិយោគចិនថ្មីៗមកវិនិយោគនៅកម្ពុជាឡើងវិញ ស្របពេលទំនាក់ទំនងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ បានពូនជ្រុំនូវមិត្តភាពដែកថែប ស្របពេលរដ្ឋាភិបាលទាំងពីរបានដាក់ចេញ នូវគោលនយោបាយ “សហគមន៍ពីរវាសនាតែមួយ”។
ទោះជាយ៉ាងណាអ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានលើកឡើងថា ខេត្តព្រះសីហនុ មានគំរោងហេដ្ឋារចនាស ម្ព័ន្ឋសេដ្ឋកិច្ច ល្អប្រសើរជាងខេត្តជាប់តំបន់ឆ្នេរដទៃទៀត ប៉ុន្តែទីផ្សារអចលនទ្រព្យនៅខេត្តនេះ ត្រូវការពេលវេលាច្រើនបន្ថែមទៀត ដើម្បីឲ្យទីផ្សារអាចស្រូបយកនូវអ្វី ដែលបានផ្គត់ផ្គង់រួចហើយ មុនមានតម្រូវការនិងការអភិវឌ្ឍន៍ថ្មីៗកើតឡើង៕