ដោយៈ គង់ សូរិយា
កណ្តាលៈ អ្នកជំនាញអចលនទ្រព្យបានបង្ហើបឲ្យដឹងថា ចរន្តទិញលក់ដីធ្លី នៅតំបន់ជាយក្រុង ពិសេសតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៤មួយរយៈចុងក្រោយនេះមានសភាពស្ងប់ស្ងាត់បន្តិច។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីថ្ងៃទី១៨ សីហាថា ចរន្តនៃកាទិញដីជាយក្រុង សំរាប់វិនិយោគរកផលចំណេញ និងបើកផ្លួវដើម្បីរៀបចំគម្រោងអភិវឌ្ឈន៍នានា ហាក់មានសភាពស្ងប់ស្ងាត់ ដោយសារតំបន់ខ្លះ តម្លៃដីបានឡើងកើលតម្លៃនៅក្នុងទីផ្សាររួចទៅហើយ។
លោកបន្តថា “ទោះជាយ៉ាងណា ដីដែលមានតម្លៃក្រោមទីផ្សារនៅតែមានតម្រូវការច្រើន បើទោះជាស្ថិតក្នុងវិបត្តិក្តី”។លោកបន្ថែមថា “តម្រូវការប្រើប្រាស់ ដែលមានភាពមិនច្បាស់លាស់នាពេលនេះ បានធ្វើឲ្យការទិញលក់មិនច្រើនទេ”។
លោកច្រឹក សុខនីមបានបន្តថា ទោះជាទីផ្សារមានសភាពស្ងប់ស្ងាត់បន្តិចក៏ដោយ ប៉ុន្តែចរន្តក្នុងវិស័យនេះ នៅតែអាចបន្តទៅមុខ មិនជាប់គាំងនោះទេ ព្រោះចរន្តឥណទានពីធនាគារនានា នៅតែបន្តផ្តល់ដល់វិស័យនេះច្រើននៅឡើយ។
យ៉ាងណាក៏ដោយ អ្នកជំនាញអចលនទ្រព្យ ជើងចាស់មួយរូបទៀតបានលើ់កឡើងស្រដៀងគ្នាផងដែរថា សកម្មភាពទិញលក់ដីធ្លី មិនទាន់កំរើកឡើងវិញទេ វាត្រូវការពេលវេលាច្រើនបន្ថែមទៀត ស្របពេលបច្ចុប្បន្ននេះ ការទិញលក់បានធ្លាក់ចុះប្រមាណ៤០ភាគរយ។
អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានលើកឡើងនៅថ្ងៃដដែលថា ការរីកចម្រើនលើវិស័យនេះ ទាមទារសេដ្ឋកិច្ចល្អប្រសើរ និងលំហូរទុនវិនិយោគពីបរទេស ប៉ុន្តែអ្វីៗមានសភាពស្ងប់ស្ងាត់នៅឡើយ ទើបធ្វើឲ្យវិស័យនេះជួបបញ្ហាប្រឈម និងចរន្តទិញលក់ធ្លាក់ចុះរហូតមកទល់ពេលនេះ។
យ៉ាងណាក៏ដោយ តាមរយៈការចុះសិក្សាផ្ទាល់ របស់សហស្ថាបនិកនិងអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់កាលពីសប្តាហ៍មុនបានបង្ហាញថា សកម្មភាពអភិវឌ្ឍន៍ផ្ទះលំហែរកាយ និងគំរោងសាងសង់រមណីយដ្ឋានបែបធម្មជាតិ បានកើនឡើងនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៤ ដោយសារតំបន់នេះសម្បូរដោយបឹង ព្រែកធម្មជាតិ ពោលគឺលក្ខខ័ណ្ឌធម្មជាតិមានភាពអំណោយផល។
លោកបន្តថា “បើទោះជាផ្លូវក្រវ៉ាត់ក្រុងទី៣ មិនទាន់សាងសង់បញ្ចប់ក្តី ប៉ុន្តែដីនៅផ្លូវក្រវ៉ាត់ក្រុងទី៤ បានឡើងដល់តម្លៃចន្លោះ១០ ទៅ២០ដុល្លារក្នុងមួយម៉ែត្រការ៉េរួចទៅហើយ”៕