ដោយៈ សុផារី
ភ្នំពេញ: ភាពមិនច្បាស់លាស់នៃវិបត្តិសេដ្ឋកិច្ច រួមផ្សំនឹងឥទ្ធិពលកូវីដ១៩ ដែលមិនទាន់ផុតរលត់ទាំងស្រុង បានធ្វើឱ្យទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅមិនទាន់មានសញ្ញាល្អប្រសើរណាស់ណានោះទេ។
អ្នកជំនាញព្យាករថា យើងត្រូវការពេលវេលាបន្ថែមប្រហែល១ ទៅ២ឆ្នាំទៀត ទើបវិស័យអចលនទ្រព្យកម្ពុជា ចាប់ផ្តើមមានសន្ទុះខ្លាំងឡើងវិញ។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឱ្យដឹងថា ទីផ្សារអចលនទ្រព្យកម្ពុជា ជារួមត្រូវការរង់ចាំ រហូតដល់ឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ទើបអាចបង្ហាញសញ្ញាវិជ្ជមានឡើងវិញ។លោកបន្តថា បច្ចុប្បន្នវិស័យអចលនទ្រព្យកម្ពុជា ហាក់នៅទ្រឹង ដោយសារភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច ធ្វើឱ្យការទិញ លក់មានចំនួនតិច។
លោកបន្តថា “ចរន្តនៃការលូតលាស់វិស័យនេះ មិនទាន់មានសញ្ញាល្អនៅឡើយ ប៉ុន្តែចរន្តនៃការទិញ លក់នៅបន្តជាហូរហែ ដោយសារមានតម្រូវការក្នុងស្រុក និងលក្ខខណ្ឌនៃការទូទាត់ល្អ តែឱ្យមានការពុះកញ្ជ្រោលដូចមុន មិនទាន់នៅឡើយទេ”។ លោកបន្ថែមថា “វិបត្តិកូវីដ-១៩ រាតត្បាតខ្លាំងកាលពីរពីឆ្នាំមុន នៅបន្តជះឥទ្ធិពល ដល់ពេលនេះ”។
អ្នកជំនាញអចលនទ្រព្យរូបនេះព្យាករថា វិស័យអចលនទ្រព្យអាចមានសន្ទុះឡើងវិញ ដោយត្រូវការប្រើពេលប្រមាណ១ឆ្នាំ ឬ២ឆ្នាំទៅមុខ ពោលគឺអាចចាប់ពីពាក់កណ្តាលឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤។
នាពេលបច្ចុប្បន្ននេះ លោកបញ្ជាក់ថា ពុំទាន់ឃើញមានចូល មកនៃអ្នកវិនិយោគបរទេស មកវិនិយោគលើវិស័យនេះនៅឡើយ ដោយបច្ចុប្បន្ន គឺមានតែអ្នកវិនិយោគិនធំៗក្នុងស្រុកប៉ុណ្ណោះ៕