អាគារខ្ពស់ៗនៅរាជធានីភ្នំពេញកើនជាង១៦០០កន្លែង តើអ្វីជា ឱកាសនិងបញ្ហាប្រឈម

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ឱកាស និងបញ្ហាប្រឈមកំពុងដើរទន្ទឹមគ្នា ស្របពេលរចនាសម្ព័ន្ឋ និងច្បាប់បទដ្ឋាននានារបស់រដ្ឋាភិបាល ហាក់ដើរយឺតជាងការអភិវឌ្ឍរបស់វិស័យឯកជន។

រាជធានីភ្នំពេញ បានផ្លាស់ប្តូរលឿនមួយរំពេច ដូចក្រុងព្រះសីហនុដែរ ប៉ុន្តែអ្វីៗមិនដូចគ្នាទេ ព្រោះអ្នកអភិវឌ្ឍន៍នៅរាជធានី មានមូលដ្ឋានវិភាគលំអិតជាង និងជារាជធានីនៃបណ្តុំសកម្មភាពសេដ្ឋកិច្ច នយោបាយ និងវប្បធ៌មចម្រុះព៌ណ។

ឆ្លើយតបនឹងកំនើនប្រជាសាស្រ្ត នគរូបនីយកម្ម និងសំណង់ សម្រាប់អ្នករៀបចំផែនការអភិវឌ្ឍន៍ រាជធានីភ្នំពេញ តើអ្នកទាំងនោះត្រូវយកចិត្តទុកដាក់ទៅលើគុណភា ពនៃហេដ្ឋារចនាសម្ព័ន្ធ ហើយផែនការត្រូវតែបង្កើតឡើង និងអនុវត្តដើម្បីធានាតុល្យភាព រវាងដង់ស៊ីតេដែលចេះតែកើនឡើងដែរឬយ៉ាងណា?។

ស្របពេលការបែកចែកZoneនៃការអភិវឌ្ឍ និងការបែកចែកប្លង់ប្រើប្រាស់ដីលំអិតមិនទាន់ច្បាស់លាស់ បានធ្វើឲ្យការអភិវឌ្ឈន៍រាជធានីនេះ មានសភាពមិនទាន់រៀបរយនៅឡើយ។

ផែនការដែលគួរគិតគូរ និងជាអ្វីដែលស្ថិតក្នុងអាទិភាព គួររួមបញ្ចូលរឿងមួយចំនួនដូចជា ទីធ្លាបៃតង ផ្លូវថ្មើរជើងដែលមានភាពងាយស្រួល និងសុវត្ថិភាព និងបទបញ្ញាត្តិនានាដើម្បីធានាថា រាជធានីភ្នំពេញមានធាតុផ្សំនានា សម្រាប់លើកកំពស់គុណភាពនៃជីវិត ដែលបណ្តាទីក្រុងផ្សេងៗក្នុងតំបន់បានបង្កើតរួចមកហើយ។

គុណភាពខ្យល់មិនល្អ ការកើនឡើងកម្តៅដោយសារបេតុង និងតំបន់ផ្ទៃខាងលើនៃផ្លូវដើរ ព្រមទាំងសុវត្ថិភាពអ្នកថ្មើរជើង នៅលើចិញ្ចើមផ្លូវ គឺសុទ្ធតែជាផ្នែកនៃគុណភាពជីវិត ដែលយើងជួបប្រទះជារៀងរាល់ថ្ងៃនៅរាជធានីភ្នំពេញ ហើយត្រូវការការដោះស្រាយឲ្យបានលឿនបំផុត។

ឧទាហរណ៍ ដូចជា ទីក្រុងហុងកុង និងសឹង្ហបូរី ទីក្រុងទាំំងពីរនេះសុទ្ធតែមានផ្លូវថ្មើរជើងសមរម្យ ដើម្បីផ្តល់មធ្យោបាយងាយស្រួល និងសុវត្ថិភាពសម្រាប់អ្នកថ្មើរជើង។ សំខាន់ជាងនេះទៀត ផ្លូវថ្មើរជើងទាំងនេះ អាចកាត់បន្ថយការពឹងអាស្រ័យ ទៅលើយាន្តជំនិះសម្រាប់ការធ្វើដំណើរ។

នៅពេលរាជធានីភ្នំពេញកាន់តែចង្អៀត ការកក់ស្ទះចរាចរណ៍ប្រាកដណាស់ថាបាននិងកំពុងកើនឡើង និងមានសភាពកាន់តែអាក្រក់ ដោយសា​រ​ការបើកបរអាណាធិបតេយ្យ ប្រជាជនមិនចេះប្រើប្រាស់ផ្លួវ ការអប់រំ និងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅមានកម្រិតជាដើម។

ការបង្កើនបទបញ្ញាត្តិ លើការបំភាយឧស្ម័នពីយាន្តជំនិះទាំងថ្មី និងចាស់ គឺអាចបង្កើនគុណភាពខ្យល់អាកាស របស់ទីក្រុងបានយ៉ាងច្រើន។ លើសពីនេះទៀត ការកសាងប្រព័ន្ធដឹកជញ្ជូនដ៏ធំ គឺជាការចាំបាច់ ដើម្បីលើកទឹកចិត្តឲ្យមនុស្សដើរកាន់តែច្រើន ដោយសារពួកគេអាចជិះរថភ្លើង និងបន្តដំណើររបស់ពួកគេដោយថ្មើរជើងបាន។

គំនិតផ្តួចផ្តើមជាសាធារណៈ លើផែនការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនដ៏ធំ អាចនាំទៅរកមធ្យោបាយងាយស្រួល និងសុវត្ថិភាពសម្រាប់មនុស្សធ្វើដំណើរទៅមក ដោយគ្មានគ្រោះថ្នាក់ពីយានជំនិះ និងអាចកាត់បន្ថយការបំពុលបរិស្ថាន ស្របពេលដែលមនុស្សអាចប្រើរថភ្លើង ដើម្បីទៅកាន់ទីតាំងគោលដៅរបស់ពួកគេ។

ចំណុចដ៏ធំមួយទៀត នៃការលើកកំពស់គុណភាពជីវិតនៅរាជធានីភ្នំពេញ គឺជាការធានាថា ទីធ្លាបៃតងត្រូវបានគិតគូរជាចម្បង ដើម្បីគាំទ្រដល់ចំនួនប្រជាជន ដែលកំពុងមានកំណើនកាន់តែខ្ពស់ ដែលរស់នៅក្នុងទីក្រុង។

ការរៀបចំឲ្យមានទីធ្លាបៃតងកាន់តែច្រើន ជាចាំបាច់ណាស់សម្រាប់ប្រជាជនមានកន្លែងលំហែរ និងហាត់ប្រាណ ដែលនេះគឺមានសារៈសំខាន់សម្រាប់សុខភាព និងសុខុមាលភាពនៃទីក្រុង។

ទីក្រុងភ្នំពេញគឺត្រូវបានគេចាត់ទុកថា ជាតំបន់ដែលមានទីធ្លាបៃតងទាបជាងគេ ក្នុងមួយកាពីតាក្នុងតំបន់អាស៊ាន។

ទោះជាយ៉ាងណាក៏ដោយ ការផ្តល់ទីធ្លាបៃតង គឺប្រហែលជារឿងពិបា​កបំផុតសម្រាប់ទីក្រុងនីមួយៗ គឺដោយសារវាត្រូវប្រើដី សម្រាប់គោលបំណងដែលមិនមានចំណូល និងក្នុងពេលតែមួយ ត្រូវការការថែទាំយ៉ាងច្រើន។

តាមរយៈការរៀបចំផែនការដោយត្រឹមត្រូវ ដីសម្រាប់ទីធ្លាបៃតង ត្រូវបម្រុងទុកនៅកន្លែងដែលមាន។ ការបើកទីធ្លាទំនេរ ឬរោងចក្រ ឧទាហរណ៍ ឲ្យទៅជាសួនសាធារណៈ នឹងជួយបង្កើនចំនួនទីធ្លាបៃតង ក្នុងមួយកាពីតានៅទីក្រុងភ្នំពេញ។

ដើម្បីធ្វើរឿងទាំងអស់នេះ អាជ្ញាធរត្រូវបង្កើតកន្លែង ដែលមានផាសុខភាពល្អ ដើម្បីធានាថា កន្លែងទាំងនោះអាចទាកទាញ និងរក្សាសមត្ថភាព ដែលត្រូវការសម្រាប់ទីក្រុងភ្នំពេញ ដើម្បីជំរុញសេដ្ឋកិច្ចឲ្យឆ្ពោះទៅមុខកាន់​តែលឿន និងមានភាពប្រសើរឡើងទាំងជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here