ដោយៈ សុខុម
ភ្នំពេញ: សណ្ឋាគារ និងផ្ទះសំណាក់ប្រមាណ៧០%ក្នុងប្រទេសកម្ពុជា បានបើកដំណើរការឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩ ថមថយទៅវិញ។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍នៅថ្ងៃច័ន្ទ ទី២៩ ខែសីហា នេះ។
របាយការណ៍នេះបញ្ជាក់ថា សណ្ឋាគារ និងផ្ទះសំណាក់ប្រមាណ៥២០ទីតាំង ក្នុងចំណោមសណ្ឋាគារ និងផ្ទះសំណាក់សរុបចំនួន៧៣៩ទីតាំងនៅកម្ពុជា បានបើកដំណើរការឡើងវិញ ខណៈចំនួន១៩០កន្លែងបានបន្តផ្អាកអាជីវកម្មរបស់ខ្លួន ហើយ២៩ទីតាំងបានសម្រេចចិត្តបិទទ្វារ ជាអចិន្ត្រៃយ៍។
របាយការណ៍នេះបានបន្ថែមទៀតថា ទន្ទឹមនឹងនេះ ភោជនីយដ្ឋានប្រមាណ២.១៦៦ទីតាំង ឬស្មើនឹង៨៥,៦% នៃភោជនីយដ្ឋានទាំង២.៥២៩ទីតាំង បានបើកដំណើរការឡើងវិញមកទល់ពេលនេះ ខណៈភោជនីយដ្ឋានចំនួន៣៦៣ទីតាំង នៅផ្អាកដំណើរការ ឬបិទទ្វារនៅឡើយ។
លោកតុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍មានប្រសាសន៍ថា ខេត្តសៀមរាប គឺជាខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយអាជីវកម្ម៩០%ត្រូវបានផ្អាក ឬបិទទាំងស្រុងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។
ទោះជាយ៉ាងណាចំនួន៤៦% នៃអាជីវកម្មដែលរងផលប៉ះពាល់ទាំងនោះបានបើកឡើងវិញហើយ នៅពេលភ្ញៀវទេសចរអន្តរជាតិ បានកើនឡើងខ្លាំង បន្ទាប់ពីកម្ពុជា បើកព្រំដែនឡើងវិញ ដើម្បីស្វាគមន៍ភ្ញៀវទេសចរដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន។
លោកបានបន្ថែមទៀតថា បច្ចុប្បន្នក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥.០០០នាក់មកលេងកម្ពុជា ដោយក្នុងនោះរួមទាំងពី៧០០ទៅ៨០០នាក់ទៅលេងនៅខេត្តសៀមរាប ផងដែរ។
វិស័យទេសចរណ៍ គឺជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភសំខាន់ៗទាំង៤ ដែលជួយដល់សេដ្ឋកិច្ចរបស់កម្ពុជា។
យោងតាមក្រសួងទេសចរណ៍ឱ្យដឹងថា កម្ពុជា ទាក់ទាញបានភ្ញៀវអន្តរជាតិបានជាង៧៤០.០០០នាក់ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២២ ដោយកើនឡើង៥៦០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕ Xinhua៕