ដោយៈសុផារី
ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោកបណ្ឌិតតាន់ មុនីវណ្ណ បានចាត់ទុកការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ- ខេត្តព្រះសីហនុ ដែលជាការវិនិយោគរបស់ក្រុមហ៊ុនចិន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទូទាំងប្រទេស គឺជាការគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី វេទិកាម្ចាស់អាជីវកម្មកម្ពុជានាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២កន្លងមក លោកបណ្ឌិតតាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន និងវិស័យដឹកជញ្ជូន ជារឿងចាំបំផុត ក្នុងការជំរុញ និងទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ច ព្រោះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនេះ ដោយទាមទារឱ្យមានការការតភ្ជាប់ ជាមួយប្រទេសក្នុងតំបន់ និងសកលលោក មិនអាចធ្វើតែម្នាក់ឯងបាននោះទេ។
លោកបណ្ឌិតតាន់ មុនីវណ្ណ បានមានប្រសាសន៍ថា “ហេដ្ឋារចនាស ម្ព័ន្ធទាំងអស់នេះ គឺជាផ្នែកធំសំខាន់បំផុត ដែលជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច ព្រោះការជំរុញសេដ្ឋកិច្ច មិនមែនតែយើងម្នាក់ឯងធ្វើទៅបានទេ គឺត្រូវការការតភ្ជាប់រវាងសេដ្ឋកិច្ចក្នុងតំបន់”។ លោកបន្តថា “វាគ្មានអ្វីក្រៅពីការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនេះ ឱ្យអស់លទ្ធភាពទេ ត្រូវសហការជាមួយប្រទេសពាក់ព័ន្ធឱ្យបានលឿនបំផុត”។
ជាមួយគ្នានេះ លោក កឹម អឿន ស្ថាបនិក និងអគ្គនាយកសហគ្រាសអប់រំហូមឌូខេសិន បានមាន ប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ គឺជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងសំខាន់ ក្នុងការជួយដល់ការអភិវឌ្ឍផ្នែកដឹកជញ្ចូន ដោយតភ្ជាប់ពីច្រកជាច្រើនទៅផ្លូវល្បឿនលឿននេះ ហើយច្រកទាំងអស់នោះ គឺជាដង្ហើមសេដ្ឋកិច្ច ។
លោកបន្តថា “ដូច្នេះយើងត្រូវត្រៀមខ្លួនចាប់យកឱកាស និងចូលរួមគិតពីកត្តាដែលអាចជះឥទ្ធិពលអវិជ្ជមានផងដែរ”៕