រដ្ឋាភិបាលចិនចំណាយលុយជាង១០ពាន់លានដុល្លារអាមេរិក សម្រាប់ ជីកព្រែកមួយដើម្បីជួយជំរុញការដឹកជញ្ជូន

0

ដោយៈ សុខុម

ប៉េកាំង: មហាយក្សចិន បានចាប់ផ្ដើមការសាងសង់ គម្រោងព្រែកជីកដ៏ធំសម្បើមមួយ ក្រោមទុនវិនិយោគរហូតដល់ទៅ១០,៥ពាន់លានដុល្លារអាមេរិក នៅភាគនិរតីកាលពីចុងសប្ដាហ៍កន្លងទៅ។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៣០ ខែសីហា ឱ្យដឹងថា គម្រោងខ្នាតយក្សនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលក្រុងប៉េកាំង នៅក្នុងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជួយជំរុញសេដ្ឋកិច្ច ដែលកំពុងជួបការលំបាក។

ព្រែកជីក ភីងលូ (Pinglu Canal) ប្រវែង១៣៥គីឡូម៉ែត្រ នៅតំបន់ស្វយ័តគ័ងស៊ី ជ័ង (Guangxi Zhuang) ខាងលើនេះ គ្រោងនឹងតភ្ជាប់ស្ទឹង Xi River ជាមួយបណ្ដាកំពង់ផែនៅឈូងសមុទ្រ Beibu Gulf ឬដែលគេស្គាល់ថាឈូងសមុទ្រតុងកឹង។

ដោយត្រូវបានអនុម័តជាផ្លូវការក្នុងខែមីនា ដើមឆ្នាំ២០២២ គម្រោងព្រែកជីកនេះ ត្រូវបានលើកសំណើជាលើកដំបូង នៅក្នុងរបៀបវារៈរបស់រដ្ឋបាលខេត្តក្នុងឆ្នាំ២០១៨ ហើយការងារសាងសង់ព្រែកជីកនេះ នឹងត្រូវប្រើពេល៤ឆ្នាំកន្លះ។

លោក Larry Hu អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ នៃក្រុមហ៊ុនអូស្ត្រាលី Macquarie Group ប្រចាំទីផ្សារប្រទេសចិនបានលើកឡើងថា “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅឆ្នាំនេះ​ ត្រូវបានសម្រុកយ៉ាងខ្លាំង បើធៀបនឹងប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ច”។

ព្រែកជីកនេះ នឹងក្លាយជាព្រែកជីកថ្មីដំបូងរបស់ប្រទេសចិន ចាប់តាំងពីឆ្នាំ១៩៤៩ មក ហើយវានឹងផ្ដល់ផ្លូវកាត់ឆ្ពោះ ទៅកាន់សមុទ្រសម្រាប់បំបន់ឆ្ងាយៗពីសមុទ្រក្នុងប្រទេសចិន ភាគនិរតី។

អាជ្ញាធរមូលដ្ឋាននិយាយថា ព្រែកជីកនេះនឹងអាចឱ្យនាវាដែលផ្ទុកទម្ងន់ដល់ទៅ៥.០០០តោនបើកឆ្លងកាត់បាន ហើយសង្ឃឹមថាព្រែកជីកនេះ នឹងកែប្រែមុខមាត់ថ្មីនៃការដឹកជញ្ជូន និងការអភិវឌ្ឍសេដ្ឋកិច្ចនៅនៅក្នុងតំបន់នេះ៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here