ដោយៈ សុខុម
ប៉េកាំង: វិបត្តិអចលនទ្រព្យក្នុងទីផ្សារប្រទេសចិន ហាក់កាន់តែធ្ងន់ធ្ងរទៅៗ ខណៈទីក្រុងជិត៧០ក្នុងប្រទេសនេះ បានរាយការណ៍ពីការធ្លាក់ចុះនូវតម្លៃផ្ទះថ្មីកាលពីខែមុន ដោយភាគច្រើនធ្លាក់ចុះ ចាប់តាំងពីផ្ទះវិបត្តិកូវីដ-១៩ ដំបូងមកម៉្លេះ។
ការធ្លាក់ថ្លៃនេះ បានដាក់សម្ពាធបន្ថែមទៀត ទៅលើរដ្ឋអំណាចមូល ដ្ឋាន ដែលបានដាក់ចេញជាបន្ទាន់ នូវវិធានការជួយគាំទ្រសម្រាប់អ្នកទិញ និងបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា។
វិស័យអចលនទ្រព្យ ដែលរួមចំណែកប្រមាណ១ភាគ៤ នៃសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសចិន បានជួបវិបត្តិអស់ពីមួយទៅមួយ ចាប់តាំងពីដូវក្តៅឆ្នាំ២០២០ បន្ទាប់ពីក្រុមនិយ័តករចិន បានចាត់វិធានការរឹតបន្តឹងលើការផ្ដល់ប្រាក់កម្ចីច្រើនលើសលប់ ក្នុងវិស័យអចលនទ្រព្យ ដែលបណ្ដាលឱ្យក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួន ជួបវិបត្តិសាច់ប្រាក់រហូតឈានទៅដល់ការខកខានទូទាត់បំណុលជាបន្តបន្ទាប់ ព្រមទាំងគម្រោងលំនៅដ្ឋានដែលខ្លួនសាងសង់ត្រូវជាប់គាំងពាក់កណ្ដាលទី ដែលនាំឱ្យក្រុមអ្នកទិញផ្ទះគំរាមឈប់បង់ប្រាក់។
នៅក្នុងខែសីហា កន្លងទៅថ្មីៗនេះ ទីក្រុងចំនួន៦៩ក្នុងចំណោម១០០ទីក្រុង បានរាយការណ៍ពីការធ្លាក់ចុះតម្លៃផ្ទះប្រចាំខែ ដោយភាគច្រើនធ្លាក់ចុះចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០។ នេះបើយោងតាមការទម្លាយឱ្យដឹងពី China Index Academy ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យឯករាជ្យធំបំផុតមួយរបស់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ។
តួលេខបង្ហាញថា ទីក្រុងជាង៤៧បានរាយការណ៍ ពីការធ្លាក់ចុះតម្លៃនៅក្នុងខែកក្កដា។
ក្រុមហ៊ុនស្រាវជ្រាវ China Index Academy និយាយថា តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងទាំង១០០ បានធ្លាក់ចុះតិចតួចគឺ០,០១% បើធៀបនឹងខែមុនដែលមិនខុសពីខែកក្កដា។
តម្លៃផ្ទះនៅក្នុងទីក្រុងលំដាប់ទី១ រួមទាំងទីក្រុងប៉េកាំង និងក្រុងសៀងហៃ ផងបានធ្លាក់ចុះ០,០៨% បន្ទាប់ពីធ្លាក់ចុះ០,១៦%ក្នុងខែកក្កដា។
ក្រុមអ្នកវិភាគលើកឡើងថា តម្លៃធ្លាក់ចុះនឹងបន្តប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកទិញផ្ទះ ធ្វើឱ្យវិបត្តិអចលនទ្រព្យកាន់តែអូសសន្លាយ និងបង្ហាញពីការបាត់បង់បន្ថែមទៀត នូវសន្ទុះសេដ្ឋកិច្ចក្នុងឆ្នាំ ដែលប្រធានាធិបតីស៊ី ជីនភីង ត្រូវបានរំពឹងថានឹងបន្ត ក្លាយជាមេដឹកនាំរបស់ប្រទេសចិន សម្រាប់អាណត្តិទី៣ ដែលមិនធ្លាប់មានពីមុនមក៕ Reuters៕