ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ការវិនិយោគអចលនទ្រព្យ និងដីធ្លីនៅខេត្តចំនួនពីរក្នុងតំបន់សមុទ្រ មានការថមថយបន្តិចនាពេលបច្ចុប្បន្ននេះ តែរំពឹងថានឹងមានកំណើនឡើងវិញ នៅពេលឆាប់ៗខាងមុនេះ ។ នេះបើតាមអ្នកជំនាញអចលនទ្រព្យមួយចំនួនប្រចាំតំបន់ឆ្នេរបានប្រាប់ Property area នៅរសៀលថ្ងៃទី១២ កញ្ញា ២០២២កន្លងមកនេះ។
លោកជិន ណារិន ភ្នាក់ងារអចលនទ្រព្យប្រចាំខេត្តកំពតកែប បានលើកឡើងឱ្យដឹងថា ជាការពិតណាស់សកម្មភាព វិនិយោគនិងតម្លៃដីធ្លីនៅក្នុងខេត្តកំពត និងកែបនាពេលនេះ គឺប្រហាក់ប្រហែលគ្នា ដែលវាបានថមថយបន្តិច តែមិនជាធ្លាក់ចុះខ្លាំងគួរឱ្យព្រួយបារម្ភនោះទេ ។
លោកបន្តថា “ការវិនិយោគនៅខេត្តកំពត ថ្វីតែថមថយមែន តែអ្នកវិនិយោគមួយចំនួន នៅតែសកម្មភាពគម្រោងចាស់ៗរបស់ខ្លួនដដែល ដូចជាគម្រោងដីឡូត៏ គម្រោងអភិវឌ្ឍន៍លំនៅឋានលំហែកាយជាដើម”។លោកបន្តថា “ជាក់ស្ដែងក្រុមហ៊ុនអភិវឌ្ឍន៍ ដែលសហការជាមួយក្រុមហ៊ុនរបស់លោកលើលំនៅឋានលំហែកាយ នៅតែបន្តអភិវឌ្ឍន៍ និងលក់បានជាហូរហែរ ពីព្រោះតែមានការគាំទ្រពីអតិថិជន ដែលមានតម្រូវការលើលំនៅឋានប្រភេទនេះ”។
ជាមួយគ្នានេះ លោកសុខ គែន នាយកប្រតិបត្តិនៃក្រុមហ៊ុន Street Real Estate ក៏បានលើកឡើងផងដែរថា បច្ចុប្បន្ននេះសកម្មភាពទិញលក់វាមិនសូវជាសកម្មភាពខ្លាំងដូចមុនទេ គឺមានត្រឹមតែសមរម្យប៉ុណ្ណោះ ខុសពីមុន ដែលមានអ្នកទិញធំៗច្រើនខ្លួន ទិញអភិវឌ្ឍន៍ខ្លួនឯងខ្លះទិញដើម្បី វិនិយោគយកប្រាក់ចំណេញ នៅពេលដែលដីខ្លួននោះឡើងថ្លៃ ។
បើតាមអ្នកជំនាញជាច្រើនទៀត ក៏បានលើកឡើងស្រដៀងៗគ្នាដែរនេះថា សក្ដានុពលដីធ្លីនៅខេត្តកំពត កែបនឹងប្រសើរឡើងវិញនៅពេលឆាប់ហើយវានឹងល្អប្រសើរជាងមុនៗទៅទៀត ក្នុងនោះដែរ ខេត្តកែប បាននិងកំពុងអភិវឌ្ឍន៍ឆ្នេរលំហែរ ដែលអាចទាក់ទាញភ្ញៀវទេសចរ បន្ថែមទៀត ហើយកំពត ក៏មានគម្រោងសាងសង់ឆ្នេរសម្រាកលំហែ និងមានកំពង់ផែទឹកជ្រៅធំជាងគេនៅកម្ពុជា ដែលអាចជាកត្តាទាក់ទាញបន្ថែមសម្រាប់វិនិយោគិនអចលនទ្រព្យទៅកាន់ទឹកដី នៃខេត្តតំបន់សមុទ្រទាំងពីរនេះ៕